ក្រុមសេះបង្កង់ Juventus មិនបានដាក់បញ្ចូលឈ្មោះ ខ្សែប្រយុទ្ធ Mario Mandzukic និងខ្សែបម្រើ Emre Can នៅក្នុងក្រុមរបស់ពួកគេសម្រាប់ការប្រកួត Champions League វគ្គជម្រុះក្នុងពូល(Group Stage)នោះទេ ។

កីឡាករ​អន្តរជាតិ ក្រូអាត Mandzukic និងកីឡាករអន្តរជាតិអាឡឺម៉ង់ Can មានការខកចិត្តនិងភ្នាក់ផ្ញើល ជា ខ្លាំង បន្ទាប់​ពីក្រុម​ម្ចាស់​ជើងឯក Serie A កាត់ឈ្មោះរបស់ពួកគេចេញក្រោមការដឹកនាំរបស់ គ្រូបង្វឹកថ្មីលោក Maurizio Sarri ដែល​បាន​ចម្រាញ់ជ្រើសរើសកីឡាករតែ២២នាក់ចេញពីកីឡាករជម្រើសដំបូងរបស់ក្រុម​មាន​រហូត​ដល់ទៅ​២៦​នាក់នោះ។

ប្រធានក្រុមខ្សែការពារកណ្តាល Giorgio Chiellini ក៏មិនមានឈ្មោះនៅក្នុងក្រុមផងដែរក្រោយ អវត្តមាន​រយៈ​ពេលដល់ទៅ៦ខែបន្ទាប់ពីទទួលជោគជ័យលើការវះកាត់របួសសរសៃពួរជង្គង់។

សមាជិកថ្មី Matthijs de Ligt, Danilo, Merih Demiral, Adrien Rabiot, Aaron Ramsey និង Gianluigi Buffon ត្រូវបានរាប់បញ្ចូលក្នុងក្រុមផងដែរនិងមានដូចជាៈ Gonzalo Higuain បន្ទាប់ពីគាត់បានវិលត្រឡប់មក​កាន់ក្រុមវិញក្រោយចំណាយពេលខ្ចីជើងនៅក្លឹប AC.Milan និង Chelsea កាលពីរដូវកាលមុន។