ក្លិបជាច្រើនស្ថិតក្នុងក្របខ័ណ្ឌធំៗទាំង៥របស់អឺរ៉ុប នៅអង់គ្លេស អេស្ប៉ាញ អ៊ីតាលី បារាំង និងអាល្លឺម៉ង់ បានរួមគ្នាចំណាយប្រាក់សរុបដល់ទៅ៥ពាន់លានផោន (ស្មើនឹង៦ពាន់លានដុល្លារអាមេរិក) ទៅលើតម្លៃខ្លួនកីឡាករ ក្នុងពេលបើកទីផ្សារដោះដូរនារដូវក្តៅនេះ។ នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពជំនាញផ្នែកហិរញ្ញវត្ថុ Deloitte កាលពីថ្ងៃអង្គារ។ ទោះយ៉ាងណា បើទោះបីទទួលបានចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីការលក់សិទ្ធិផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក៏ដោយ ប៉ុន្តែ ការចំណាយប្រាក់សរុបរបស់ក្លិបមកពីក្របខ័ណ្ឌ អង់គ្លេស Premier League បានធ្លាក់ចុះក្នុងកម្រិតដ៏ទាបបំផុត បើគិតចាប់តាំងពីឆ្នាំ២០១៥។

ការមានភាពមមាញឹកក្នុងទីផ្សារដោះដូរកីឡាកររបស់ក្លិប Barcelona, Real Madrid និង Atletico Madrid ដែលសុទ្ធសឹងលេងក្នុងក្របខ័ណ្ឌ La Liga ធ្វើឲ្យការចំណាយរបស់ក្របខ័ណ្ឌកំពូលអេស្ប៉ាញមួយនេះ កើនដល់ទៅ១,២ពាន់លានផោន។ ប៉ុន្តែ ក្លិបស្ថិតក្នុងក្របខ័ណ្ឌអ៊ីតាលី ក៏បានចំណាយប្រាក់លើកីឡាករថ្មីជាកំណត់ត្រាផងដែរ ពោលគឺបានចំណាយ១,០៦ពាន់លានផោន ខណៈដែលក្របខ័ណ្ឌអាល្លឺម៉ង់ បានចំណាយប្រាក់៦០៧លានផោន ហើយបារាំង ចំណាយ៦០៥លានផោន។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League នៅតែនាំមុខគេ តាមរយៈការចំណាយប្រាក់សរុប ១,៤ពាន់លានផោន ប៉ុន្តែ ការចំណាយដុលមានត្រឹមតែ៥៧៥លានផោន ប៉ុណ្ណោះ ដែលជាចំនួនដ៏ទាបបំផុតក្នុងរយៈពេល៤ឆ្នាំមកនេះ៕