បន្ទាប់ពីចំណាយពេល ៤ ឆ្នាំជាមួយក្រុម Inter Milan កីឡាករ Ivan Perisic បានវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Bundesliga វិញដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯក Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរយៈ​ពេល​មួយ​រដូវកាលពីក្រុម Inter ដោយមានជម្រើសទិញផ្តាច់យកមកជាអចិន្ត្រៃយ៍នៅឆ្នាំក្រោយ។

Perisic កីឡាករអន្តរជាតិក្រូអាតវ័យ ៣០ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Inter កាលពីឆ្នាំ ២០១៥ និង បានក្លាយជាកីឡាករលេចធ្លោម្នាក់ក្នុងអំឡុងពេល ៤ ឆ្នាំនៅឯកីឡាដ្ឋាន San Siro និងរកបាន ៨ គ្រាប់នៅ ក្របខណ្ឌកំពូលអ៊ីតាលីមួយនេះសម្រាប់រដូវកាលមុន។ Perisic ក៏បានរួមចំណែកជួយក្រុមជម្រើសជាតិក្រូអាត បញ្ចប់ចំណាត់ថ្នាក់លេខ២ព្រឹត្តការណ៏ពានរង្វាន់ World Cup ២០១៨នៅប្រទេសរុស្សីផងដែរ។

គ្រូបង្វឹកលោក Niko Kovac កំពុងដុតដៃដុតជើងនាំយកីឡាករមកបំពេញចន្លោះខ្វះខ្វាតនៅតំបន់បម្រើស្លាប បន្ទាប់ពីការចាកចេញរបស់កីឡាករជើងចាស់ Franck Ribéry និង Arjen Robben នៅចុងបញ្ចប់នៃយុទ្ធនាការ ប្រកួត២០១៨-២០១៩កន្លងមកនេះ ។