បញ្ហារបួសរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Leroy Sane បានធ្វើអោយក្លឹប Bayern Munich ផ្លាស់ប្តូរ​ចិត្តងាកមកបង្កើនការចរចារដើម្បីឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនាំយកកីឡាករ Ivan Perisic បច្ចុប្បន្នកំពុងលេងអោយក្រុម Inter Milan ។កីឡាករអន្តរជាតិក្រូអាតវ័យ៣០ឆ្នាំរូប​នេះត្រៀមបំពេញ​ការ​​ផ្ទេរទៅកាន់ក្លឹប Bayern Munich បន្ទាប់ពីឆ្លងកាត់ការពិនិត្យសុខភាពជាមួយក្រុមជើងឯក Bundesliga នៅមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Munich កាលពីថ្ងៃច័ន្ទ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះរំពឹងថានិងចាកចេញពីក្លឹបយក្ស Serie A ដើម្បីចូលរួមជាមួយក្រុមរបស់​លោក Niko Kovac ក្នុងលក្ខណ្ឌខ្ចីជើង រយៈពេល​មួយ​រដូវ​កាល​ដំបូងជាមួយនឹងជម្រើសមួយទៀតក្នុង កិច្ចព្រមព្រៀងទិញផ្តាច់ជាអចិន្ត្រៃយ៍នៅឆ្នាំក្រោយបន្ទាប់ពីក្លឹប បាត់បង់កីឡាករឆ្នើម២រូបព្រមគ្នា គឺ Franck Ribery និង Arjen Robben នៅចុងបញ្ចប់នៃយុទ្ធនាការ ២០១៨-១៩ ។ការមក​ដល់​របស់ Perisic នឹងក្លាយជាការប្រកួតប្រជែងជាមួយ Serge Gnabry និង Kingsley Coman និង​អាច​ជាការបង្ហាញខ្លួនដើម្បីចូលរួមក្នុងការប្រកួតលីកបើកឆាកជាមួយក្រុម Hertha Berlin នៅថ្ងៃសុក្រ​ចុង​សប្តាហ៏នេះ។

Perisic ធ្លាប់លេងនៅក្របខណ្ឌ Bundesliga ជាមួយក្រុម Borussia Dortmund មុនពេលចូលរួម​ជា​មួយ​ក្រុម Wolfsburg នៅពាក់កណ្តាលរដូវកាល ២០១២-១៣ តែក្រោយមកបានចុះកុងត្រា​ជា​មួយ​ក្លិប Inter នៅ​ឆ្នាំ ២០១៥ និងបានក្លាយជាតារាលេចធ្លោក្នុងកំឡុងពេល ៤ ឆ្នាំនៅកីឡាដ្ឋាន San Siro ស្រប​ពេល​រដូវកាលចាស់(២០១៨-២០១៩) Perisic រកបាន ៨ គ្រាប់។