អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ជឿជាក់ថាមានក្លិបគូប្រជែងត្រូវប្រឈមជាច្រើន សម្រាប់​ការពារ​តំណែងជើងឯក Premier League រដូវកាល ២០១៩-២០២០ ដែលក្នុងនោះរួម​មានដូចជាក្លិបមានមូលដ្ឋាននៅ ទីក្រុង​រួមគ្នាគឺ Manchester United ជាដើម។ លោកយល់ថាមិនមែនជារឿងងាយទេក្នុងការប្រជែងពានរដូវកាលថ្មីនេះ បើ​ទោះ​​​​​បីជាក្រុមមេឃខៀវ Man City កំពុងសម្លឹង​មើល​ឪកាស​​ឈ្នះលីកកំពូល Premier league ៣ឆ្នាំ​ជាប់ៗគ្នាបន្ទាប់ពីលើក​​​ពានបើកឆាក Community Shield ​មុនបើក​រដូវកាលថ្មី កាល​ពីថ្ងៃ​អាទិត្យយ៉ាងណាក្តី។

អ្នកចាត់ការសញ្ជាតិអេស្បាញត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ Goal កាលពីថ្ងៃអាទិត្យថាៈ Manchester United ​ទើបតែទិញបានខ្សែការពារ Harry Maguire ជាក្លិបគួរចាប់អារម្មណ៏ រីឯ Tottenham , Arsenal បានប្រឹងប្រែង​នាំយកបានកំលាំងថ្មី​មួយ​ចំនួន​ដើម្បី​ត្រៀម​ប្រកួតប្រជែងនៅរដូវកាលនេះ ទោះបី Chelsea មិនបាននាំយកកីឡាករចំណូលថ្មី តែពួកគេ​បាន​ជោគ​ជ័យ​កាល​ពីរដូ​វ​កាលមុននិងជាក្លិបមិនអាចមើលរំលងបាន។

ក្រុម Manchester City ចាប់ផ្តើមយុទ្ធនាការលីគកំពូល Premier League ដោយចាប់ផ្តើមការប្រកួតជាមួយ West Ham នៅ​ថ្ងៃ​សៅរ៍​និងបន្តជួប Bournemouth និង Brighton នៅសប្តាហ៏បន្ទាប់ព្រមទាំងវគ្គជម្រុះតាមពូលពានរង្វាន់ទ្វីបអឺរ៉ុប Uefa Champion League នៅជំនួប​នា​ថ្ងៃទី២៩ខែសីហានេះផងដែរ។