លោក Pep Guardiola ជឿជាក់​ថា ការ​ឈ្នះ​ពាន Community Shield របស់ក្រុម Manchester City ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Liverpool គឺជា​ការ​ត្រៀម​លក្ខខណៈ​ដ៏ល្អ​ឥត​ខ្ចោះ​ នៅ​មុន​ពេល​ការ​ប្រជែង​គ្នា​នៅ​រដូវ​កាល​នេះ រវាងក្រុម​ខ្លាំង​ទាំង​២​ក្នុងក្រប​ខ័ណ្ឌ Premier League​។ ក្រុម​របស់​លោក Guardiola បាន​ឈ្នះ​ពាន​ទី​១​​របស់​ខ្លួន នៅ​មុន​ពេល​បើក​រដូវកាល​ថ្មី ក្រោយពី​បាន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ៥-៤ បន្ទាប់​ពី​បាន​ញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​នៅ​ម៉ោង​ធម្ម​តា​ កាលពីថ្ងៃ​អាទិត្យ​​។

ការ​ប្រកួត​បែប​មិត្ត​ភាព​នា​កីឡាដ្ឋាន Wembley មួយ​នេះ បាន​បង្ហាញ​ថា ក្រុម​ទាំង​២​មិន​មាន​កម្រិត​លេង​ឃ្លាត​គ្នា​ឆ្ងាយ​ឡើយ បន្ទាប់ពី Manchester City បាន​​យកឈ្នះ​លើ​ក្រុម Liverpool ដើម្បី​លើក​ពាន Premier League តាម​រយៈ​ការ​នាំ​មុខ​​ត្រឹម​តែ​១​ពិន្ទុ​គត់ កាលពី​រដូវ​កាល​មុន​។ ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ជួយ​ឲ្យ​ក្រុម Man City មាន​គ្រាប់​បាល់​នាំ​មុខ​មុន នៅមុន​ពេលកីឡាករ Joel Matip បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញនៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​បង្ខំ​​ឲ្យ​មាន​ការ​ស៊ុត​បាល់​ប៉េ​ណាល់​កាត់សេចក្តី ខណៈ​ដែលក្រុម​របស់​លោក Guardiola បាន​ទទួល​ជ័យ​ជម្នះ​តាម​រយៈ​គ្រាប់​បាល់​កាត់សេចក្តី​របស់​ខ្សែ​ប្រយុទ្ធ Gabriel Jesus ក្រោយពី​អ្នក​ចាំ​ទី Claudio Bravo បាន​សង្គ្រោះ​បាល់​ពីការ​ស៊ុត​របស់​ខ្សែ​បម្រើ Georginio Wijnaldum​។

ស្រប​ពេល​ដែលក្រុម Man City បាន​ឈ្នះពាន​រង្វាន់​ក្នុង​ស្រុក​ទាំង​៣ កាលពី​រដូវកាល​មុន ក្រុម Liverpool បាន​ស្តារ​មុខ​មាត់​វិញ​តាម​រយៈ​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ទី​៦​របស់​ពួក​គេ​។ លោក Guardiola បាន​ឲ្យ​ដឹងថា៖ «មាន​គូ​ប្រជែង​​២​ដ៏ខ្លាំង​នៅ​ពេល​នេះ គឺ Liverpool និងយើង ក្នុង​ការ​ឈ្នះ​ពាន Premier League ហើយ​នេះ​គឺ​ជា​ការ​ត្រៀម​ដ៏ល្អ​សម្រាប់​យើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia