Barcelona បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារស្លាបឆ្វេងJunior Firpo ពីក្លឹប Real Betis ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករជម្រើសជាតិអេស្ប៉ាញU២១ឆ្នាំរូបនេះមានតម្លៃខ្លួនប្រមាណ ២៧.៥ លានផោន ខណៈក្រុមម្ចាស់ជើងឯក La Liga បានដាក់តម្លៃទិញផ្តាច់កុងត្រារហូតដល់ ១៨៣ លានផោន ។
Firpo បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២៩ លើកអោយ Real Betis កាលពីរដូវកាលមុន និង ជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ជើងឯក European Championship កាលពីខែមិថុនា២០១៩កន្លងទៅ។
ការមកដល់របស់ Firpo គឺជាសមាជិកទី៥របស់ក្រុម Barcelona បន្ទាប់ពីក្លឹបទិញ Antoine Griezmann ពីគូប្រជែង Atletico Madrid ក្នុងតម្លៃ ១០៧ លានផោនកាលពីខែកក្កដាស្របពេលក្រុមរបស់លោក Ernesto Valverde បានពង្រឹងក្រុមដោយ ការបន្ថែមខ្សែបម្រើ Frenkie de Jong ពីក្លិប Ajax ក្នុងតម្លៃ ៦៥ លានផោនអ្នកចាំទី Neto មកពីក្រុម Valencia និងខ្សែការពារ Emerson មកពីក្រុម Atletico-MG របស់ប្រេស៊ីល។ ប៉ុន្តែកាលពីថ្ងៃអង្គារ ក្លឹបបានលក់ខ្សែបំរើស្លាបប្រេស៊ីល Malcom ទៅអោយក្រុម Zenit St Petersburg ក្នុងតំលៃ ៣៦.៥ លានផោនបន្ទាប់ពីចំណាយពេលបានត្រឹមមួយរដូវកាលនៅកីឡាដ្ឋាន Camp Nou។