លោក Pep Guardiola ជឿជាក់ថា ការឈ្នះពាន Community Shield របស់ក្រុម Manchester City ក្រោយពីបានយកឈ្នះលើក្រុម Liverpool គឺជាការត្រៀមលក្ខខណៈដ៏ល្អឥតខ្ចោះ នៅមុនពេលការប្រជែងគ្នានៅរដូវកាលនេះ រវាងក្រុមខ្លាំងទាំង២ក្នុងក្របខ័ណ្ឌ Premier League។ ក្រុមរបស់លោក Guardiola បានឈ្នះពានទី១របស់ខ្លួន នៅមុនពេលបើករដូវកាលថ្មី ក្រោយពីបានដណ្តើមបានជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីបានញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតនៅម៉ោងធម្មតា កាលពីថ្ងៃអាទិត្យ។
ការប្រកួតបែបមិត្តភាពនាកីឡាដ្ឋាន Wembley មួយនេះ បានបង្ហាញថា ក្រុមទាំង២មិនមានកម្រិតលេងឃ្លាតគ្នាឆ្ងាយឡើយ បន្ទាប់ពី Manchester City បានយកឈ្នះលើក្រុម Liverpool ដើម្បីលើកពាន Premier League តាមរយៈការនាំមុខត្រឹមតែ១ពិន្ទុគត់ កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធ Raheem Sterling បានជួយឲ្យក្រុម Man City មានគ្រាប់បាល់នាំមុខមុន នៅមុនពេលកីឡាករ Joel Matip បានរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួត ដើម្បីបង្ខំឲ្យមានការស៊ុតបាល់ប៉េណាល់កាត់សេចក្តី ខណៈដែលក្រុមរបស់លោក Guardiola បានទទួលជ័យជម្នះតាមរយៈគ្រាប់បាល់កាត់សេចក្តីរបស់ខ្សែប្រយុទ្ធ Gabriel Jesus ក្រោយពីអ្នកចាំទី Claudio Bravo បានសង្គ្រោះបាល់ពីការស៊ុតរបស់ខ្សែបម្រើ Georginio Wijnaldum។
ស្របពេលដែលក្រុម Man City បានឈ្នះពានរង្វាន់ក្នុងស្រុកទាំង៣ កាលពីរដូវកាលមុន ក្រុម Liverpool បានស្តារមុខមាត់វិញតាមរយៈការឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី៦របស់ពួកគេ។ លោក Guardiola បានឲ្យដឹងថា៖ «មានគូប្រជែង២ដ៏ខ្លាំងនៅពេលនេះ គឺ Liverpool និងយើង ក្នុងការឈ្នះពាន Premier League ហើយនេះគឺជាការត្រៀមដ៏ល្អសម្រាប់យើង»៕
ប្រភពព័ត៌មាន៖ Channel News Asia