បរទេស៖ លោក Hansi Flick គ្រូបង្វឹករបស់ក្រុម Bayern Munich បានរក្សាជំហរស្ថិតនៅកណ្តាល ក្នុងការពិភាក្សាថា តើខ្សែប្រយុទ្ធរបស់លោកគឺ Robert Lewandowski មានភាពមុតស្រួចជាងតារាឆ្នើម Lionel Messi របស់ក្លិប Barcelona នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ក្នុងទីក្រុង Lisbon ឬយ៉ាងណា។
ក្រុម Barcelona នឹងប៉ះជាមួយនឹងក្រុម Bayern នាកីឡដ្ឋាន Estadio da Luz ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃពុធ សប្តាហ៍ក្រោយ។ នៅមុនពេលការប្រកួតនេះ មានការជជែកជាច្រើនថា តើ Lewandowski ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League តាមរយៈរកបាន១៣គ្រាប់ពីការប្រកួត៧លើក ឬក៏ Messi ម្ចាស់បាល់មាស Ballon d’Or ៦ជំនាន់ គឺជាកីឡាករដែលឆ្នើមជាង ឬយ៉ាងណា។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Quique Setien គ្រូបង្វឹករបស់ក្រុម Barca បានបញ្ជាក់ថា Lewandowski ពិតជាគ្មានកម្រិតស្មើជាមួយនឹង Messi ឡើយ ក្រោយពីលោក Lothar Matthaeus អតីតតារាឆ្នើមរបស់ Bayern បាននិយាយថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ បានឡើងឈរពីលើ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន ក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក។ លោក Flick បានបញ្ជាក់ថា៖ «អ្នកមិនអាចប្រៀបធៀបកីឡាករទាំង២នាក់បានឡើយ។ Robert មានកម្រិតលេងពិភពលោកក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល។ Messi គឺជាកីឡាករដ៏ឆ្នើមក្នុងរយៈពេលជាយូរមកហើយ»។
Lewandowski កំពុងតែជួបរដូវកាលដ៏ល្អបំផុតនៃអាជីពរបស់ខ្លួន តាមរយៈរកបាន៥៣គ្រាប់ពីការប្រកួត៤៤លើកនៅរដូវកាលនេះ ខណៈដែល Messi រកបាន៣១គ្រាប់ពីការប្រកួត៤៣លើក៕
ប្រភពព័ត៌មាន៖ Channel News Asia