អុីតាលី៖ លោក Maurizio Sarri បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកមិនបារម្ភពីការប៉ះ Lazio ឬក៏បារម្ភពីអនាគតរបស់លោកនៅក្លិប Juventus ឡើយ ខណៈដែលលោកត្រៀមរៀបចំក្រុមរបស់លោកសម្រាប់ការប្រកួតក្របខ័ណ្ឌ Serie A នៅរាត្រីនេះ ជាមួយនឹងក្រុមមួយដែលក្រុមរបស់លោកធ្លាប់បានរងបរាជ័យ២លើក នៅរដូវកាលនេះ។
លោក Sarri បានឲ្យដឹងថា៖ «តើអ្នកធ្លាប់បានសួរអ្នកបើកបរ Formula One ថា ពួកគេបារម្ភខ្លាចពីល្បឿន ឬអត់? វាគឺជាផ្នែកមួយនៃការងារនោះ។ អ្វីៗទាំងនឹងដំណើរការល្អ ប្រសិនបើអ្នកឈ្នះ និងវានឹងអាក្រក់ ប្រសិនបើអ្នកចាញ់ ប៉ុន្តែ មិនមានអ្វីត្រូវបារម្ភឡើយ។ Juventus គឺជាក្រុមមួយដែលស៊ាំទៅនឹងការប្រយុទ្ធ។ ខ្ញុំរីករាយនៅពេលដែលមានមនុស្សកំពុងតែដកដង្ហើមក្បែរករបស់ខ្ញុំ»។
ក្រុមម្ចាស់ការពារជើងឯក Juventus បានធ្លាក់ចុះទម្រង់លេងរបស់ខ្លួន បើគិតចាប់តាំងពីផ្អាកការប្រកួតដោយសារតែវីរុសកូរ៉ូណា និងមិនស្គាល់ឈ្នះសោះពីការប្រកួត៣លើកជាប់ៗគ្នា ដោយរកបានត្រឹមតែ២ពិន្ទុគត់ និងបានរបូតគ្រាប់បាល់ដល់ទៅ៩គ្រាប់ ក្នុងពេលប្រកួតជាមួយនឹងក្រុម AC Milan, Atalanta និង Sassuolo។ ក្រុមកំពុងតែនាំមុខលើតារាងលីកមួយនេះ កំពុងតែនាំមុខ៥ពិន្ទុដាច់លើក្រុមឈរលេខ២ Inter Milan ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Roma កាលពីថ្ងៃអាទិត្យ៕
ប្រភព៖ Channel News Asia