កីឡាករដែលជាគោលដៅផ្ទេររបស់ក្លឹបអធិរាជស Real Madrid គឺ Kylian Mbappe ត្រូវបានគេប្រទះឃើញមានវត្តមាននៅ រដ្ឋធានីអេស្ប៉ាញ Madrid ចំពេលមានការលើកឡើងជុំវិញពាក្យចចាមអារ៉ាមមិនទាន់ក្លាយជាការពិតសម្រាប់ការផ្លាស់ប្តូរដ៏មាន សក្តានុពលទៅកាន់កីឡដ្ឋាន Santiago Bernabeu នៅតែបន្តកើតមានឡើងនៅឡើយនោះ។ យោងសារព័ត៌មានអេស្ប៉ាញ Cope បានបង្ហោះរូបភាពរបស់ Mbappe ចូលទៅស្រស់ស្រូបអារហារក្នុងភោជ នីយដ្ឋានមួយក្នុងទីក្រុង Madrid កាលពីរសៀលថ្ងៃច័ន្ទជាមួយមិត្តរួមក្រុមគឺខ្សែការពារស្លាបស្តាំ Achraf Hakimi ។

ខ្សែប្រយុទ្ធឆ្នើមវ័យ ២៣ ឆ្នាំរបស់ Paris Saint-Germain ដែលនឹងក្លាយជាកីឡាករអាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន បន្ទាប់កុងត្រារបស់គេនិង ផុតកំណត់នៅខែក្រោយនោះ ក៏ត្រូវបានបណ្តាញសារពត៌មាន Marca ចុះផ្សាយថា សុខចិត្តកាត់បន្ថយប្រាក់ឈ្នួលដើម្បីបញ្ចប់ក្តីសុបិន្ត ផ្លាស់ទៅចូលរួមជាមួយក្រុមលោក Carlo Ancelotti នៅរដូវក្តៅខាងមុខនេះ ។

Mbappe ដែលបានស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ និង assists ២៣ ដងក្នុងការបង្ហាញខ្លួន ៤៣ លើកសម្រាប់ PSG កំពុងរីករាយជាមួយពេលវេលាសម្រាកជាមួយ Hakimi មុនពេលអ្នកទាំងពីរត្រលប់មកហ្វឹកហាត់ក្នុងក្រុមជាលើកដំបូងវិញនៅចុងសប្តាហ៍នេះ ដោយត្រៀមការប្រកួត Ligue ១ នៅថ្ងៃសៅរ៍ជាមួយនឹង Montpellier ។

ប្រភព៖ Sportsmole