ខ្សែប្រយុទ្ធ Cristiano Ronaldo បានពិភាក្សាជាលក្ខណៈឯកជនជាមួយលោក Sir Alex Ferguson អំពីអនាគតរបស់គាត់នៅទឹកដី Old Trafford ។យោងគេហទំព័រ The Mirror បានចុះផ្សាយថា ទំនាក់ទំនងដ៏ជិតស្និទរវាងឪពុកនិងកូនធម៌ ទាំងពីរនាក់បានទៅជួបគ្នាទៅវិញទៅមក ជាញឹកញាប់រវាងផ្ទះនៅ Cheshire ដើម្បីរកដំណោះស្រាយសម្រាប់ក្រុមនៅរដូវកាលនេះ ប៉ុន្តែលោក Ferguson នៅតែចង់អោយ Ronaldo បន្តនៅជាមួយក្លឹប។

គួរបញ្ជាក់ថា ម្ចាស់ពានបាល់មាស( Ballon d’Or) ៥សម័យបានដើរតួនាទីជួយក្រុមយ៉ាងសំខាន់ ដោយរកបាន ២៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ៣លើក ក្នុងការបង្ហាញខ្លួន ៣៨ដងគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះដោយ ក្នុងនោះ ១៨គ្រាប់ ធ្វើបាននៅក្នុងក្របខណ្ឌ Premier League។ទោះយ៉ាងណាក្តីសង្ឃឹមរបស់បិសាចក្រហមដែលចង់លេងនៅក្របខណ្ឌ Champions League សម្រាប់រដូវកាលថ្មីត្រូវបានបញ្ចប់ជាស្ថាពរហើយក្រោយចាញ់ម្ចាស់ផ្ទះ Brighton & Hove Albion កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល៤ទល់និង០។

ក្រុមលោក Ralf Rangnick ដែលមិនអាចបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងលេខរៀងទី៦ ខណៈពួកគេក៏នៅតែប្រឈម ហានិភ័យនិងមិនមានកៅអីលេងនៅក្របខណ្ឌ Europa League ខណៈ West Ham និង Wolverhampton នៅតែបន្តប្រជែងយកកៅអីរបស់ពួកគេបន្ថែមទៀត។ទម្រង់លេងដ៏ខកចិត្តរបស់ Man United នៅរដូវកាលនេះបាននាំឱ្យខ្សែប្រយុទ្ធជើងចាស់វ័យ៣៧ឆ្នាំ Ronaldo សម្លឹងរកការចាកចេញបើទោះបីជាអ្នកចាត់ការទូទៅលោក Erik ten Hag បានបញ្ជាក់ពីផែនការប្រើប្រាស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់រដូវកាលថ្មីបន្តទៀតក៏ដោយ ។ បុរសសញ្ជាតិស្កុតឡេនមានវ័យ៨០ឆ្នាំ រូបនេះចង់ឱ្យ Ronaldo នៅបន្តការពារកេរដំណែលរបស់គាត់ ដោយបន្តនៅក្លឹបយ៉ាងហោចណាស់ ១២ ខែទៀត។ គួររំលឹកថា Ronaldo បានចំណាយពេល ៦ ឆ្នាំដំបូងលេងក្រោមការបង្វឹករបស់លោក Ferguson បន្ទាប់ពីចាកចេញពី Sporting Lisbon ក្នុងវ័យជំទង់ក្នុងឆ្នាំ ២០០៣ និងបានឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ ២០០៨ មុនពេលផ្ទេរទៅ Real Madrid ក្នុងឆ្នាំ២០០៩។

ប្រភព៖ Sportsmole