ខ្សែបម្រើក្រុមបិសាចក្រហម Bruno Fernandes បាននិយាយថារូបគេចង់បានពានរង្វាន់ ជាជាងការរកគ្រាប់បាល់បានឱ្យក្រុម ព្រោះពានរង្វាន់ជាគោលដៅធំ។

Bruno ជាអ្នកបើកការនាំមុខទៅលើក្រុម Brentford មុនពេល Cristiano Ronaldo និង Varane បន្ថែមម្នាក់១គ្រាប់ទៀត។ ចប់ការប្រកួត Man Utd យកឈ្នះក្នុងលទ្ធផល ៣-០ លើក្រុម Brentford តែវាក៏មិនបានកែប្រែចំណាត់ថ្នាក់អ្វីឱ្យក្រុមរបស់លោក Ralf Rangnick ដែរ។ ដោយពួកគេខកខានឈ្នះពានរង្វាន់ណាមួយរយៈពេល៥រដូវកាលមកហើយ និងឆ្នាំនេះទៀតសោតបាត់ឱកាសលេងពានរង្វាន់ UEFA Champions League ទៀត។

ចំពោះរឿងនេះដែរ Bruno បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំសប្បាយចិត្ត ព្រោះខកខានរកគ្រាប់បាល់បានយូរមកហើយ ប៉ុន្តែការរកគ្រាប់បាល់បានមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ។ ខ្ញុំចង់រាប់ចំនួនជាមួយពានរង្វាន់ មិនមែនរាប់គ្រាប់បាល់ឡើយ។ នេះជាការប្រកួតក្នុងដីចុងក្រោយរដូវកាលនេះ យើងចង់ទទួលបានលទ្ធផលល្អ និងលេងបានល្អបែបនេះ”៕

ប្រភព៖ Goal