Barcelona បានបន្ថែមឈ្មោះខ្សែការពារស្លាបឆ្វេងក្រុមតោខៀវ Chelsea កីឡាករ Marcos Alonso ទៅក្នុងបញ្ជីគោលដៅផ្ទេររបស់ពួកគេ ។សម្រាប់យុទ្ធនាការរដូវកាលនេះក្រោមការដឹកនាំរបស់លោក Thomas Tuchel កីឡាករអន្តរជាតិអេស្បាញ Alonso បានបង្ហាញខ្លួនចូលលេង ច្រើនបំផុតបន្ទាប់ពី Ben Chilwell មានបញ្ហារបួសត្រូវវះកាត់ជង្គង់និងអវត្តមានរហូតដល់បញ្ចប់រដូវកាល ។គួរបញ្ជាក់ថាពេលវេលាចូលលេងរបស់ Alonso នៅ Chelsea មិនបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ទេ ក្រោយពីអតីតគ្រូបង្វឹក Frank Lampard មិនបានដាក់អោយរូបគេចូលលេង ទោះយ៉ាងណា ក្រោយពីលោកTuchel ចូលមកដឹកនាំកីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និង assists ៥ ដងគ្រប់ការប្រកួតទាំង ៤១លើក។
កិច្ចសន្យារបស់ Alonso ជាមួយក្លឹបនៅទីក្រុងឡុងដ៍នឹងផុតកំណត់នៅឆ្នាំ ២០២៣ ខណៈ អ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បញ្ជាក់ថា:អតីតយុវជនថ្នាលក្លឹប Real Madrid គឺជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពមួយចំនួនដែលស្ថិតក្រោមការពិចារណារបស់ Barcelona ដោយមានកីឡាករ Sergio Reguilon, Alex Grimaldo និង Raphael Guerreiro ក៏មានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅ Camp Nou ផងដែរ។
Alonso ស៊ុតបញ្ចូលទីសរុប ២៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២២ ដងក្នុងការប្រកួតសរុប២០៧ ប្រកួតសម្រាប់ Chelsea ចាប់តាំងពីឆ្នាំ ២០១៦ ហើយបានឈ្នះពានរង្វាន់ Premier League, Champions League, FA Cup, Europa League, Club World Cup និង UEFA Super Cup ផងដែរ។
ប្រភព៖ Sportsmole