អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានធ្វើការអះអាងថារូបលោកសម្លឹងឪកាសចង់បន្តកុងត្រាដឹកនាំនៅកីឡដ្ឋាន Etihad Stadium រហូតដល់ ១០ឆ្នាំខាងមុខបន្តទៀត។គួរបញ្ជាក់ថាគ្រូបង្វឹកអន្តរជាតិអេស្បាញបច្ចុប្បន្នមានវ័យ៥១ ឆ្នាំរូបនេះ បានសម្រេចចិត្តចូលមកដឹកនាំក្រុមចាប់តាំងពី រដូវក្តៅឆ្នាំ ២០១៦ ប៉ុន្តែអនាគតរបស់គ្រូបង្វឹកឆ្នើមរូបនេះ នៅតែស្ថិតក្នុងមន្ទិលសង្ស័យមុនពេលកិច្ចសន្យារបស់លោក ផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ខាងមុខ ។
រំលឹកថាកាលពីពេលថ្មីៗនេះលោក Guardiola ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថា បានទទួលការផ្តល់ជូនសំណើរ កិច្ចសន្យាដែលមានតម្លៃ ១០ លានផោនក្នុងមួយឆ្នាំដើម្បីផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។ជាការឆ្លើយតបទៅនិងឪកាសទៅដឹកនាំក្រុមជើងឯក World Cup ៥សម័យ ប្រេស៊ីល អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះ បានលើកឡើងថាៈ មិនមែនថ្ងៃនេះទេ។ ខ្ញុំស្ថិតនៅក្រោមកិច្ចសន្យានៅ Etihad ខ្ញុំរីករាយណាស់នៅទីនេះ។ខ្ញុំសុខចិត្តស្នាក់នៅទីនេះជារៀងរហូត ទីកន្លែងផ្សេងមិនអាចជាកន្លែងល្អជាងនេះទេ។ ខ្ញុំនឹងបន្តកុងត្រារយៈពេលដប់ឆ្នាំ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងមិនបន្តកុងត្រាដប់ឆ្នាំទៀតទេ ខ្ញុំមិនបានដឹងពាក្យចចាមអារ៉ាមទៅដឹកនាំប្រេស៊ីល ចេញពីប្រភពណាមកទេ។
លោក Guardiola ក៏បាននិយាយសំដៅទៅកាន់គ្រូបង្វឹកគូប្រជែងដែលកំពុងដឹកនាំ Liverpool លោក Jurgen Klopp មុនជំនួបក្របខណ្ឌ Premier League នៅកីឡដ្ឋាន Etihad នាថ្ងៃអាទិត្យស្អែកនេះថាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះបច្ចុប្បន្នបានកំពុងតែធ្វើអោយវិស័យបាល់ទាត់ពិភពលោកកាន់តែល្អប្រសើរគួរអោយចាប់អារម្មណ៏។
ប្រភព៖ Sportsmole