បន្ទាប់ពី Cristiano Ronaldo ផ្លាស់មកលេងនៅក្រុមបិសាចក្រហម Manchester United វិញឃើញថាក្រុមនេះទទួលបានអ្នក Follow លើ IG ថ្មីជាង១លាននាក់ទៅហើយ និងភាគហ៊ុនក្លឹបក៏កើនឡើងដូចគ្នា។

Ronaldo បានផ្លាស់មកលេងនៅ Old Trafford វិញនេះក្នុងតម្លៃផ្ទេរពីក្រុម Juventus មកប្រមាណជា២០លានអឺរ៉ូ ជាមួយកុងត្រា២ឆ្នាំនិងតម្លៃពលកម្មប្រមាណជាង២សែនផោនក្នុង១សប្ដាហ៍។ មិនទាន់បង្ហាញខ្លួនជាផ្លូវការទេ ប៉ុន្តែគ្រាន់តែក្លឹបប្រកាសពីវត្តមានរបស់គេភ្លាម ឃើញថាចំនួនអ្នក Follow ក្លឹប Man Utd លើបណ្ដាញសង្គមនានាជាពិសេស IG នោះបានកើនដល់ជាង១លានទៅហើយ។ ដោយឡែកបើងាកទៅមើលភាគហ៊ុនវិញក៏បានកើនឡើងដល់ទៅ១៨%ផងដែរ។

នេះជាការត្រលប់មកវិញរបស់ Ronaldo បន្ទាប់ពីរូបគេចាកចេញពី Old Trafford តាំងពីឆ្នាំ២០០៩មក ដោយកាលនោះផ្ទេរទៅលេងឱ្យក្រុម Real Madrid ។ នៅបិសាចក្រហមនេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំធ្លាប់លេង២៩២ប្រកួត រកបាន១១៨គ្រាប់ ឈ្នះពាន Champions League ១ដង Premier League ៣ដង FA Cup និង League Cup ផងដែរ៕

ប្រភព៖ Dailymail