ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមជាលើកដំបូងចាប់តាំងពីបញ្ចប់ព្រឹត្តការណ៏ដ៏ខកចិត្តនៅយូរ៉ូ ២០២០ ។ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានវិលត្រលប់មកកាន់ មូលដ្ឋានហ្វឹកហាត់របស់ Spurs កាលពីថ្ងៃសុក្រសប្តាហ៍មុននិងបានធ្វើលំហាត់ប្រាណហ្វឹកហាត់ជាលក្ខណៈផ្ទាល់ខ្លួន ស្របពេលរូបគេមិនមានវត្តមានកំលុងការប្រកួតផ្តួលក្រុមការពារតំណែងជើងឯក Manchester City នៅចុងសប្តាហ៍មុននោះទេ។

ការពិតខ្សែប្រយុទ្ធជួរមុខរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលលេងកាលពីសប្តាហ៏មុន ប៉ុន្តែត្រូវបានអ្នកចាត់ការទូទៅ សញ្ជាតិព័រទុយហ្គាល់លោក Nuno Espirito Santo បញ្ជាក់ថា Kane ត្រូវការពេលវេលាបន្ថែម ទៀតដើម្បី ពង្រឹងសមត្ថភាពប្រកួតរបស់គាត់។

Kane ក៏ធ្លាប់បានបដិសេធការចុះផ្សាយថារូបគេមិនព្រមមកហ្វឹកហាត់ទៀងពេលមុនរដូវកាលថ្មីចាប់ផ្តើម បន្ទាប់ពីរកបាន ៣៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីដល់ទៅ ១៧ គ្រាប់ទៀតគ្រប់ការប្រកួតទាំង ៤៩ លើកចុងក្រោយ។ប៉ុន្តែយោងគេហទំព័រ The Athletic បានចុះផ្សាយ ថា Kane បានចូលរួមហ្វឹកហាត់ឈុតធំជាមួយមិត្តរួមក្រុមវិញនៅព្រឹកថ្ងៃអង្គារម្សិលមិញហើយនិងត្រៀម ប្រកួត Europa Conference League នៅថ្ងៃព្រហស្បតិ៍ជាមួយក្រុម Pacos de Ferreira ។ ទោះបីជាយ៉ាងនេះក្តី Kane នៅតែ រំពឹងថា ផ្លាស់ទៅកាន់ក្លឹបដែលតែងកោតសរសើរពីសមត្ថភាពរបស់ខ្លួនគឺក្រុមគូប្រជែង Man. City ខណៈដែលលោក Pep Guardiola ត្រៀមបញ្ចប់ការចង់បានកីឡាករវ័យ ២៨ ឆ្នាំរូបនេះដ៏រាបណាប្រធានក្លឹប Daniel Levy នៅតែមិនបន្ទន់ចិត្តទម្លាក់តម្លៃដល់ទៅ១៦០ លានផោនសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធឆ្នើមរូបនេះបន្តទៀត។

ប្រភព៖ Sportsmole