Jack Grealish បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសមត្ថភាពជួយក្រុមមេឃខៀវ Man. City អោយបានពេញទំហឹងក្នុងការប្រកួតប្រជែងពានរង្វាន់កិត្តិយសសម្រាប់ក្លឹប និង ខ្លួនឯងបន្ទាប់ពីបញ្ចប់ការផ្ទេរនូវទឹកប្រាក់កំនត់ត្រាតម្លៃ១០០ លានផោនរបស់អង់គ្លេស។ ក្រុមម្ចាស់ជើងឯក Premier League បានព្យាយាមទាក់ទង Grealish ពេញមួយរដូវក្តៅនេះ ក្រោយពីរូបគេបានអភិវឌ្ឍខ្លួនក្លាយជាខ្សែបម្រើកណ្តាលដ៏ឆ្នើមម្នាក់នៅលីកកំពូលអង់គ្លេស។

សម្រាប់ នាយកប្រតិបត្តិក្លឹប Aston Villa លោក Christian Purslow បានបញ្ជាក់ថា Man City បានបំពេញតាមតម្លៃ ដែលពួកគេចង់បានដើម្បីទិញផ្តាច់កុងត្រានាំយកប្រធានក្រុមពួកគេទៅកាន់ទឹកដី Etihad Stadium ទោះបីកីឡាករឆ្នើម របស់ពួកគេរូបនេះនៅសល់កិច្ចសន្យា៤ឆ្នាំទៀតនៅទឹកដីVilla Parkយ៉ាងណាក៏ដោយ។ Grealish មានវ័យ២៥ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយ Man City ហើយនឹងពាក់អាវលេខ ១០ ដែលថ្មីៗនេះត្រូវបានទុកអោយនៅទំនេរក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Aguero ។

ទោះបីជាជួបប្រទះបញ្ហារបួស Grealish នៅតែអាចរកបានគ្រាប់បាល់ ៦ គ្រាប់នៅ Premier League កាលពីរដូវកាលមុននិងបង្កើតឪកាសបញ្ចប់ទី ១០ ដងផងដែរ។ សម្រាប់ក្រុមតោកំណាចអង់គ្លេស រូបគេបានជួយអោយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នៅកីឡដ្ឋាន Wembley ផងដែរ ។

ប្រភព៖ Sportsmole