ទីបំផុត Cristiano Ronaldo បានសំរេចចិត្តបន្តអាជីពជាមួយ Juventus សម្រាប់ត្រៀមចូលរួមយុទ្ធនាការរដូវកាលថ្មី ២០២១-២០២២ ជាបន្តទៀត និង បានបញ្ចប់មន្ទិលសង្ស័យជុំវិញការចុះផ្សាយរបស់បណ្តាញាសារពត៌មានដែលថា រូបគេចង់ចាកចេញពីក្លឹបក្រោយខកខានមិនអាចឈ្នះពាន Champions League និង បាល់មាស(Ballon D’or) បាន។

ខ្សែប្រយុទ្ធមានវ័យ ៣៦និងមានតួនាទីជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបាន ឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅទឹកដីទូរីនខណៈដែលមានអតីតក្លឹប Man.Utd និង PSG បានបង្ហាញពីការចាប់អារម្មណ៏ចង់បានរូបគេមករួមក្រុមនាពេលកន្លងមក។យោងគេហទំព័រ អ៊ីតាលី Gazzetta dello Sport បានចុះផ្សាយថាម្ចាស់ពានបាល់មាស៥សម័យមានបំណងចង់បន្តលេងអោយ Juventus យ៉ាងហោចណាស់មួយរដូវទៀតមុនពេលថ្លឹងថ្លែងពីជម្រើសក្នុងការចាកចេញនៅរដូវក្តៅឆ្នាំក្រោយបន្តទៀត។

ក្រោយពីមិនអាចការពារតំណែងជើងឯក SerieA កាលពីរដូវកាលចាស់ Juventus គឺជាក្លឹបមួយក្នុងចំណោម ក្លឹបយក្សធំៗ នៅតំបន់អឺរ៉ុប ដែលទទួលរងនូវបញ្ហាវិបត្តិហិរញ្ញវត្ថុក្នុងកំឡុងពេលការរីករាលដាលនៃមេរោគកូវីត-១៩ ដូច្នេះក្លឹបមានបំណងចង់កាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេសម្រាប់កីឡាករសំខាន់ៗមួយចំនួនផងដែរ។បច្ចុប្បន្ន Ronaldo រកបានប្រាក់ចំណូលដល់ទៅ ៤៦,៧ លានផោនក្នុងមួយឆ្នាំ និងទោះបីជាការចាកចេញរបស់គាត់អាចបន្ធូរបន្ថយនិងសម្រាល ព្រមទាំងកាត់បន្ថយសម្ពាធហិរញ្ញវត្ថុច្រើនដល់ក្លិប ប៉ុន្តែជំនួសមកវិញក្លឹបសង្ឃឹមថានឹងចរចាលើលក្ខខណ្ឌប្រាក់ឈ្នួលដើម្បីបន្តកិច្ចសន្យាដល់តារាឆ្នើមរូបនេះបន្តទៀត ។

ក្រោយចាកចេញពីក្រុមអធិរាជស Real Madrid ក្នុងឆ្នាំ ២០១៨ មក Ronaldo ចូលលេងបាន១៣៣ ប្រកួតឱ្យ Juventus និងស៊ុតបញ្ចូលទីបាន ១០១ គ្រាប់ព្រមទាំងបង្កើតឪកាសបញ្ចប់ទី ២២ គ្រាប់ផងដែរសម្រាប់រយៈពេល៣រដូវកាលមកនេះ។

ប្រភព៖ Sportsmole