ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏សញ្ជាតិបារាំង Olivier Giroud បានចូលរួមជាមួយ AC Milan ក្នុងការផ្ទេរជាអចិន្ត្រៃយ៍ពីក្រុមតោខៀវ Chelsea និងពាក់អាវឯកសណ្ឋានលលេខ៩។ សមាជិកជ័យលាភី World Cup ២០១៨ បានចុះកុងត្រាអោយក្លឹបយក្ស AC Milan កាលពីថ្ងៃ សុក្រក្នុងតម្លៃខ្លួន២លានផោនជាមួយនិងការចាប់ផ្តើមអាជីពថ្មីនៅលើទឹកដីថ្មីប្រកបដោយក្តីសោមនស្សជាមួយលីកកំពូល SerieA ។

គួរបញ្ជាក់ថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចំណាយពេល ៣ ឆ្នាំកន្លះនៅទឹកដី Stamford Bridge បន្ទាប់ពីការផ្ទេរនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករពីក្រុមគូប្រជែងរួមទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal កាលពីខែមករាឆ្នាំ ២០១៨ ។ក្រោយចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ Giroud បានជួយក្រុមតោខៀវឈ្នះពានរង្វាន់ FA Cup, Europa League និង Champions League ដោយបង្ហាញខ្លួនសរុបបាន ១១៩ លើកនិងរកបាន ៣៩ គ្រាប់។

ហើយកំលុងពេល៥ ឆ្នាំកន្លះនៅ Arsenal Giroud រកបាន ១០៥ គ្រាប់ ក្នុងការប្រកួតសរុប ២៥៣លើកនិងឈ្នះពាន FA Cup ៣ ដងប៉ុណ្ណោះ។

ប្រភព៖ Sportsmole