បិសាចក្រហម Man. Utd និង Manchester City កំពុងដុតដៃដុតជើងប្រជែងគ្នាក្រោយពីទទួលបានពត៌មាននៅអេស្ប៉ាញ ថាឱកាសកាន់តែខើចខ្លីទៅហើយសម្រាប់ក្លឹបដែលចង់រក្សាទុក Sergio Ramos ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីបន្តលេង Real Madrid ។ ខ្សែការពារកណ្តាលវ័យ ៣៥ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដែលអាចផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹបដទៃបាន នៅពេលកិច្ចសន្យារបស់គេនិងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាជាមួយក្លឹបជើងឯក Champions League ១៣សម័យ។
មានមូលហេតុសំខាន់មួយចំនួនត្រូវបានលើកឡើងដែលក្នុងនោះមានដូចជាការបែកបាក់ទំនាក់ទំនងល្អរវាងប្រានក្រុមរូបនេះ និង ប្រធានក្លឹបលោក Florentino Perez លើបញ្ហាការប៉ុនប៉ងនាំយក Kylian Mbappe មករួមក្រុម។ មូលហេតុចម្បងមួយទៀតនោះគឺ Ramos មិនសប្បាយចិត្តលើផែនការកាត់ប្រាក់ខែ ១០ ភាគរយដោយសារមូលហេតុរងផលប៉ះពាល់ការរីករាលដាលនៃមេរោគកូវីត-១៩ប៉ុន្តែរូបគេ បានប្រាប់មិត្តរួមក្រុម ថាមិនត្រូវទទួលយកសំណើរទាំងនោះទេព្រោះប្រាក់ដែលបានពីការកាត់ភាគរយនោះនិងត្រូវយកទៅ ប្រើដើម្បីចុះហត្ថលេខានាំយក Mbappe មករួមក្រុមទៅវិញទេ ។
ដូច្នេះចំនុចទាំងនេះគឺជាដើមចមដែល Ramos មានភាគរយតិចបំផុតក្នុងការយល់ព្រមបន្តកិច្ចសន្យាថ្មី និងជាការពិតរូបគេក៏មិនបានបង្ហាញវត្តមានក្នុងវីដេអូផ្សព្វផ្សាយឯកសណ្ឋានកីឡាករថ្មីប្រចាំក្លឹបនៅរដូវកាលថ្មីនេះផងដែរ។ Ramos បានចំណាយពេល ១៦ រដូវកាលជាមួយក្លឹបមានមូលដ្ឋាននៅរាជធានីអេស្បាញ ហើយបាននាំឱ្យពួកគេឈ្នះពាន LaLiga ៥ ដងពានរង្វាន់ Champions League ៤ ដងនិង FIFA Club World Cup ៤ ដងទៀត។
ប្រភព៖ Dailymail