ហង្សក្រហម Liverpool ត្រូវបានផ្តល់ឱកាសសាជាថ្មីក្នុងការចុះហត្ថលេខាផ្ទេរយកខ្សែបម្រើស្លាប Philippe Coutinho ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្រុមអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ។កីឡាករអន្តរជាតិប្រេស៊ីលបានសម្រេចផ្ទេរពី Merseyside មកកាន់ក្លឹបនៅតំបន់ Catalonia ក្នុងខែមករាឆ្នាំ ២០១៨ ប៉ុន្តែអាជីពរយៈពេល ២ ឆ្នាំកន្លះនៅទឹកដី Camp Nou គឺមិនទទួលបានជោគជ័យនោះទេដែលក្នុងនោះត្រូវបានក្លឹប Bayern Munich ខ្ចីជើងពេញមួយរដូវកាលផងដែរ។ប៉ុន្តែរូបគេបានរួមចំណែក ជួយអោយក្លឹបយក្ស Bayern ឈ្នះជើងឯក៣ក្នុងមួយរដូវកាលទោះយ៉ាងណាក្លឹបយក្សអាឡឺម៉ង់មិនបានសម្រេចចិត្តបន្តកិច្ចសន្យាខ្ចីជើងរូបគេជា បន្តទៀតនោះដែរ។
Coutinho ក៏បានជួបនិងរដូវកាលដ៏អាប់អួរសាជាថ្មីបន្ទាប់ពីរដូវកាល២០២០-២០២១ ក្រោមការដឹកនាំរបស់ Ronald Koeman បានជួបនិងបញ្ហារបួសជង្គង់ធ្ងន់ធ្ងរបានធ្វើឱ្យរូបគេត្រូវអវត្តមានច្រើនបំផុតសម្រាប់៦ខែចុងក្រោយនេះ។យោងគេហទំព័រ AS បានចុះផ្សាយថាៈ Barcelona នៅតែជំពាក់ប្រាក់ Liverpool ប្រមាណ ៥០ លានផោនសម្រាប់ការផ្ទេរយក Coutinho ទៅកាន់ Camp Nou ហើយដូច្នេះក្លឹបកំពុងតែស្វែងរកលទ្ធភាពក្នុងការអនុញ្ញាតិអោយកីឡាករអាមេរិកខាងត្បូងចុះហត្ថលេខាជាថ្មីសំរាប់ Liverpool ដោយឥតគិតថ្លៃនិងដើម្បីទូទាត់បំណុល។
ប្រភពខាងលើបន្តថា Coutinho នៅតែជាកីឡាករដែលទទួលបានការកោតសរសើរនិងធ្លាប់មានបំណងចង់ផ្ទេរយករូបគេ២ដងត្រលប់មក កាន់ទឹកដី Anfield វិញនាពេលកន្លងមក។ ទោះយ៉ាងណាកីឡាករវ័យ ២៨ ឆ្នាំរូបនេះកំពុងតែធ្វើការស្តារនីតិសម្បទាក្រោយវះកាត់ពីបញ្ហារបួសជង្គង់នៅមាតុភូមិប្រេស៊ីល និងរង់ចាំ លទ្ធផលដល់ខែកក្កដាមុននឹងធ្វើការសម្រេចចិត្តលើការផ្លាស់ប្តូរនេះ ។
ប្រភព៖ Sportsmole