AC Milan បានបំបាក់ Torino ០ទល់នឹង៧ ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី សប្ដាហ៍ទី៣៦ នៅថ្ងៃពុធ ទី១២ ខែឧសភា។ Ante Rebic ធ្វើបានហ៊ែតទ្រីកក្នុងរយៈពេល១២នាទី ពីចន្លោះនាទី៦៧ ដល់នាទី៧៩ ដើម្បីផ្ដល់ក្ដីសង្ឃឹមក្នុងការប្រជែងយកកៅអី UEFA Champions League រដូវកាលក្រោយ។
ក្រុមជើងឯក UCL ៧សម័យ ខានលេងពានកំពូលអឺរ៉ុបនេះតាំងពីឆ្នាំ២០១៤ម្ល៉េះ ហើយជ័យជម្នះលើក្រុមមានមូលដ្ឋាននៅក្រុង Turin មានន័យថា ពួកគេនៅលើក្រុមលេខ៥ Juventus ខណៈការប្រកួតសល់២លើកទៀត។ ខ្សែការពារ Theo Hernandez បើកការនាំមុខមុនយ៉ាងអស្ចារ្យ មុន Franck Kessie បន្ថែមមួយគ្រាប់ទៀតដោយបាល់១១ម៉ែត្រ។ Brahim Diaz និង Hernandez ក៏បន្ថែមបានគ្រាប់៣ និងទី៤សម្រាប់ការប្រកួត។
ក្រោយជ័យជម្នះនេះ AC Milan មាន៧៥ពិន្ទុ ឈរលេខ៣ ស្មើក្រុមលេខ២ Atlanta ដែលបានឈ្នះដូចគ្នានៅថ្ងៃពុធ ហើយក្រុមទាំង២នឹងប៉ះគ្នានៅថ្ងៃចុងក្រោយ។ ចំណែក Torino នៅពីលើតំបន់កាត់ចោល ៤ពិន្ទុ ហើយទើបប្រកួតបាន៣៥លើក តិចជាងក្រុមខាងក្រោមខ្លួនមួយប្រកួត។ សម្រាប់ក្រុមដែលត្រូវបានកាត់ចោលរួចរាល់ មាន Parma និង Crotone៕