អ្នកគាំទ្រ Arsenal មិនសប្បាយចិត្តចំពោះលទ្ធផល០ទល់នឹង០ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League របស់ក្រុមខ្លួនជាមួយ Villareal ដែលមានន័យថា ក្រុមកាំភ្លើងធំត្រូវធ្លាក់ចេញពីពានរង្វាន់នេះ ដោយលទ្ធផលសរុប២ទល់នឹង១ (ជើងទីមួយ Villareal ឈ្នះ ២-១)។

ដោយមិនអាចទប់អារម្មណ៍បាន អ្នកគាំទ្រក្រុមអង់គ្លេសមួយនេះបាននាំគ្នាយករថយន្ដពួកគេបាំងផ្លូវរថយន្ដកីឡាករ Arsenal មិនឲ្យចេញពីកីឡដ្ឋានបាន។ បរាជ័យនេះមានន័យថា ក្រុមមានមូលដ្ឋាននៅភាគខាងជើងក្រុងឡុងដ៍នឹងបញ្ចប់រដូវកាលដោយគ្មានពានអ្វីក្នុងដៃសោះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខ៩ Premier League ផង ទំនងនឹងគ្មានឱកាសប្រកួតពានអឺរ៉ុបណាមួយទេនៅរដូវកាលក្រោយ។

វាកាន់តែឈឺចាប់ទៅទៀតនៅពេលក្រុមមិនដែលចាញ់នៅ Premier League រដូវកាល២០០៣/២០០៤ បានបរាជ័យក្រោមក្រុមដឹកនាំដោយអតីតគ្រូបង្គោលខ្លួនផ្ទាល់តែម្ដង គឺលោក Unai Emery។ លោក Emery ត្រូវបាន Arsenal បណ្ដេញចេញ កាលខែវិច្ឆិកា ឆ្នាំ២០១៩៕