លោក Pochettino អ្នកចាត់ការក្រុម PSG បានអះអាងថាការអវត្តមាន Mbappe មិនអាចយកជាលេសក្នុងការចាញ់ក្រុម Manchester City បានឡើយ។

ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Man City ក្នុងលទ្ធផល ២-០ សម្រាប់ជើងទី២នៅយប់មិញនេះ ដែលធ្វើឱ្យលទ្ធផលសរុបទាំងពីរជើងទៅ ៤-១។ សម្រាប់ការប្រកួតនៅយប់មិញនេះ ក្រុមអ្នកមានបារាំង អវត្តមានកីឡាករសំខាន់ម្នាក់គឺ Mbappe ដែលបានរងរបួសមិនអាចលេងបានទេ។

ក្រោយពីចង់ការប្រកួតនេះ លោក Pochettino បាននិយាយថា៖ “យើងអបអរ Man City ពួកគេធ្វើបានល្អ និងមានរដូវកាលពិសេសមួយ។ ការមិនមាន Mbappe គឺយើងមិនអាចប្រើជាលេសបានឡើយ។ យើងលេងបានល្អ និងតាមគម្រោងដែរ ប៉ុន្តែក្រុម Man City ធ្វើបានល្អជាងយើងទៅទៀត។ ជួនកាលបាល់ទាត់ អ្នកត្រូវការសំណាងក្នុងការប្រកួតដែរ”៕

ប្រភព: BBC