Lionel Messi បានសាងកេរ្ត៏ឈ្មោះដ៏ល្បីល្បាញបំផុតក្នុងពិភពបាល់ទាត់អស់រយៈពេលជាងពីរទសវត្សមកនេះ ។ ពោលគឺ ចាប់តាំងពីចាប់ផ្តើមបង្ហាញខ្លួនឈុតធំក្នុងអាជីពជាលើកដំបូងសម្រាប់ក្រុមយក្សកាតាឡាន់ Barcelona នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០០៤ ពេលប្រកួតជាមួយក្រុម Espanyol ។ បច្ចុប្បន្នមានវ័យ ៣៣ ឆ្នាំរូបនេះបើទោះបីជាទទួលបាន ជោគជ័យបំផុតសម្រាប់ក្លឹបបាល់ទាត់អាជីពដោយធ្លាប់ឈ្នះពានសរុបមកដល់ពេលបច្ចុប្បន្នចំនួន ៣៤ ប៉ុន្តែក្នុងនាមប្រធានក្រុមអ្នកមានបុណ្យរូបនេះ ក៏ធ្លាប់ឆ្លងកាត់រឿងជូរចត់បំផុតក្នុងអាជីពកន្លងមកជាមួយ Barcelona និង ក្រុមជម្រើសជាតិផងដែរ ។

ខាងក្រោមនេះគឺជារឿងសោកសៅបំផុត៥លើកដែលម្ចាស់ពានបាល់មាស៦សម័យ(Ballon D’or)បានហែលឆ្លងក្នុង ពេលប្រកបអាជីពនាពេលកន្លងមក:

១. ខកបំណងនៅ World Cup ២សម័យកាល

ព្រឹត្តការណ៏ធំៗពីររយៈពេល៦ឆ្នាំចុងក្រោយគឺការខិតខំប្រឹងប្រែងរបស់ Lionel Messi មិនទាន់បានជួយអោយរូបគេឈ្នះពានដ៏អស្ចារ្យរបស់ពិភពបាល់ទាត់នេះនៅឡើយទេ ។បន្ទាប់ពីខកបំណងមិនអាចជួយអាហ្សង់ទីនលើកពាននៅ វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤ ក្រោមថ្វីជើងក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់។ បើទោះបីជាពួកគេ ឆ្លងកាត់វគ្គជម្រុះតាមពូលដ៏ពិបាកនៅតំបន់អាមេរិកឡាទីនរួចមកហើយក្តី។ក្រុមរហស្សនាមពពកសត្រូវបានបារាំងបញ្ចប់ក្តីសុបិន្តជាបន្តទៀតនៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ World Cup ២០១៨ ថែមទៀត។

២.ខកខានជួយ Barcelona លើកពានកំពូលទ្វីបអឺរ៉ុប(Champion League)

Barcelona មានប្រវត្តិធ្លាប់ឈ្នះពាននេះ៥សម័យកាល និងបានខកខានលើកពានដ៏ធំមួយនេះអស់រយៈពេល ៦ ឆ្នាំមកហើយបើទោះបីជាធ្លាប់ឈ្នះដល់ទៅ៤ឆ្នាំ ជាប់គ្នាក្នុងរយៈពេល៩ឆ្នាំ វា ពិតជាមិនស្កប់ស្កល់សម្រាប់ក្លឹបដែលមានប្រវត្តិដ៏អស្ចារ្យជាមួយកីឡាករឆ្នើមៗលំដាប់ពិភពលោកមួយនេះបានទេ។យ៉ាងណាមិញបន្ទាប់ពីលើកពានចុងក្រោយនៅរដូវកាល ២០១៤-២០១៥ និងក្រោយមក៣ឆ្នាំក្នុងនាមជាប្រធានក្រុម Messi នៅឡើយមិនទាន់បានបំពេញការសន្យានេះបានទេ។

៣.សម្រេចចិត្តចាកចេញពី Barcelona ក្រោយរួមរស់១៨ឆ្នាំ

Lionel Messi បានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលបន្ទាប់ពីរូបគេបានប្រកាសជាសាធារណៈចង់ចាកចេញ ពីក្រុម Barcelona ក្រោយពីបរាជ័យដ៏អាម៉ាស់មិនធ្លាប់មានជាមួយ Bayern Munich នៅវគ្គផ្តាច់៨ក្រុមចុងក្រោយជើងទី២ ក្នុងព្រឹត្តិការណ៍យូហ្វាឆេមពានលីករដូវកាល ២០១៩-២០២០ ក្នុងលទ្ធផលដល់ទៅ៨ទល់និង២។ ក៏ព្រោះតែរូបគេមានកិច្ចសន្យាពិសេសអាចចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាលនីមួយៗនោះ។

៤.ខកខានជួយអាហ្សង់ទីនលើកពានកំពូលលើកឆាកអន្តរជាតិ

អាហ្សង់ទីនជាប្រទេសដែលបានផ្តល់កំណើតកីឡាករដ៏មានទេពកោសល្យផ្នែកបាល់ទាត់ជាច្រើនអោយល្បីល្បាញលើឆាក អន្តរជាតិជាច្រើនជំនាន់ណាស់មកហើយ។ យ៉ាងណាមិញប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ ខកខានលើកពាន ក្នុងឈុតធំសម្រាប់ទ្វីបគឺCopa Americaចាប់តាំងពីឆ្នាំ១៩៩៣មកម្លេះ។ បើទោះបីជាMessI ធ្លាប់ជួយអោយជម្រើសជាតិ ក្នុងនាមយុវជនថ្នាលឈ្នះមេដៃមាសអូឡាំពិកឆ្នាំ២០០៨នៅប្រទេសចិន។

៥.បរាជ័យវគ្គផ្តាច់ព្រ័ត្រ៣លើកជាប់ៗគ្នា

រំលឹកដល់ឆ្នាំ២០១៤ បន្ទាប់ពីទើបតែខកចិត្តមិនអាចជួយអាហ្សង់ទីនឈ្នះពាន World Cup ២០១៤ Messi បន្តជួបរឿង សោកសៅក្នុងជីវិតផ្ទួនៗ២លើក ទៀតពោលគឺក្រោយពីមិនអាចជួយជម្រើសជាតិលើកពាន Copa America វគ្គផ្តាច់ព្រ័ត្រពេលជួបឈីលី ដល់ ទៅ២ឆ្នាំជាប់គ្នា ពោលគឺនៅឆ្នាំ២០១៥និង២០១៦តែម្តង។

ប្រភព: Sportskeeda