នាយកបច្ចេកទេសផ្នែកកីឡាករប្រចាំក្រុមកាំភ្លើងធំ Arsenal លោក Edu បានធ្វើការអះអាងថាខ្សែបម្រើស្លាប Willian ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្របខ្លួន និង វិលទៅរកការបង្ហាញទម្រង់លេងល្អឡើងវិញជាមួយក្រុម ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានសម្រេចចិត្តចាកចេញពី Chelsea ក្រោយរួមរស់រយៈពេល៧ឆ្នាំ ទៅកាន់ក្រុមគូប្រជែងរួមទីក្រុងឡុងដ៏គឺ Arsenal រដូវកាលនេះប៉ុន្តែនៅឡើយបង្ហាញទម្រង់លេងបានល្អដូចកាលនៅកីឡាដ្ឋាន Stamford Bridge នោះទេ។

កីឡាករវ័យ៣២ឆ្នាំរូបនេះទើបតែបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរលើកនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ពេលជួប Fulham ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទីបាន ក្នុងការបង្ហាញខ្លួនចំនួន ១៥ប្រកួតកន្លងមក។

Arsenal បច្ចុប្បន្ន ឈរនៅចំណាត់ថ្នាក់ទី ១៥ នៃក្របខ័ណ្ឌ Premier League ដែលមានត្រឹមតែ ៥ ពិន្ទុពីលើតំបន់កាត់ចោល ស្របពេលគ្រូបង្វឹកលោក Mikel Arteta ត្រូវការចាំបាច់បំផុតអោយ Willian បង្ហាញទម្រង់លេងបានល្អមកវិញយ៉ាងឆាប់រហ័សដើម្បីជួយក្រុមវិលត្រលប់មករកភាពប្រសើរឡើងវិញ។

ប្រភព៖ Metro