ក្លឹប​របស់​អង់គ្លេស​ទាំង​ពីរ​គឺ Arsenal និង Leicester City នៅ​តែ​បន្ត​ភាព​ឈ្នះ​នៅ​ពាន​រង្វាន់ Europa League ​សម្រាប់​ការ​ប្រកួត​ទី​៣​​វគ្គ​សន្សំ​ពិន្ទុ បន្ទាប់​ពី​បំបាក់​ដៃ​គូ​កាល​ពី​យប់​មិញ។

សម្រាប់​ការ​ប្រកួត Arsenal បាន​យក​ឈ្នះ​ក្លឹប​មក​ពី​ប្រទេស​ន័រវែស​ Molde លទ្ធផល ៤-១ ក្នុង​ផ្ទះ​ខ្លួន​ឯង។ ៤​គ្រាប់​របស់​ក្រុម​កាំភ្លើង​ធំ​ធ្វើ​បាន​ដោយ​កីឡាករ Nicolas Pepe, Joseph Willock និង​កីឡាករ​របស់ Moldeភ្លាត់​ចូល​ទី​ខ្លួន​ឯង​ដល់​ទៅ​២​គ្រាប់។

ឆ្លង​កាត់​៣​ប្រកួត​ក្នុង​ពូល B ក្រុម​លោក Mikel Arteta រក្សា​កំណត់ត្រា​ឈ្នះ​១០០% មាន​៩​ពិន្ទុ​ពេញ សង្ឃឹម​ខ្ពស់​បាន​ឡើង​ទៅ​វគ្គ​បន្ត។ ចំពោះ​ក្រុម​របស់​អង់គ្លេស​មួយ​ទៀត​គឺ Leicester City ធ្វើ​បាន​ល្អ​ដូច​គ្នា​ បាន​យក​ឈ្នះ​ ៤-០ លើ​ក្លឹប SC Braga សម្រាប់​ការ​ប្រកួត​ទី​៣​របស់​ខ្លួន​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ៕