បរទេស៖ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ទំនង​ជា​​ត្រូវ​ខក​ខាន​សម្រាប់​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ Milan ដូច​គ្នា​នៅ​​ខែ​នេះ​ក្រោយពិ​ក្លិប AC Milan របស់​គេ បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ថា តា​រាឆ្នើម​ជើង​ចាស់​​សញ្ជាតិ​ស៊ុយ​អែត​រូបនេះ បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​មាន​ម្តង​ទៀត​ទៅលើ​វីរុស​កូរ៉ូ​ណា​​។

Ibrahimovic ដែល​បាន​​ស្ថិត​នៅ​ដាច់​ដោយ​ឡែកពីគេ​កាលពី​២​សប្តាហ៍​មុន នៅ​ពេល​ដែល​រូប​គេ​បាន​តស្តឃើញ​លទ្ធផល​វិជ្ជមាន​ជាលើក​ដំបូងនោះ ត្រូវ​តែ​ទទួល​លទ្ធផល​តេស្ត​អវិជ្ជ​មាន​២លើក នៅមុន​ពេល​រូប​គេ​អាច​វិល​ទៅកាន់​ក្រុម AC Milan វិញ ខណៈ​ដែល​ការ​ប្រកួត​បន្ទាប់​របស់​​ពួកគេ​គឺ​ការ​ជួប​គ្នា​​ជាមួយនឹងក្រុម Inter Milan នា​កីឡដ្ឋាន San Siro នៅថ្ងៃ​ទី​១៧ ខែតុលា​។ ខ្សែ​ការ​ពារ​ប្រេស៊ីល Leo Duarte ដែល​ការ​ធ្វើ​តេស្ត​​ជា​លើក​ចុងក្រោយ​របស់​គេ ក៏​ចេញ​លទ្ធផល​វិជ្ជ​មាន​ដែរ​នោះ កំពុង​តែ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។

ក្លិប AC Milan បាន​បញ្ជាក់​ថា កីឡាករ​ផ្សេង​ទៀត​សុទ្ធ​សឹងមាន​លទ្ធផល​តេស្ត​អវិជ្ជ​មាន។ ដំបូង​ឡើយ Ibrahimovic ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជ​មាន​ជាលើក​ដំបូង​កាលពីថ្ងៃ​ទី​២៤ ខែកញ្ញា ដែល​ធ្វើ​ឲ្យ​រូប​គេ​​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «កូវីដ ពិត​ជា​​ក្លា​ហាន​មែន​ដែល​ហានប្រជែង​ជាមួយនឹងខ្ញុំ​»​។ ចាប់​តាំងពីពេល​នោះមក កីឡាករ​វ័យ​៣៩​​ឆ្នាំ​រូបនេះ រូប​គេ​បាន​បង្ហាញ​ពី​វីដេ​របស់​គេ​ដែល​កំពុង​ហ្វឹកហាត់នៅ​ផ្ទះ៕

ប្រភព​ព័ត៌​មាន៖ We are soccer