ក្លឹបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាខ្សែបម្រើកណ្តាល Thomas Partey ពីក្លឹប Atletico Madrid ក្នុងកិច្ចសន្យារយៈពេលវែងបន្ទាប់ពីក្លឹបជើងឯក FA Cup បានយល់ព្រមបង់ប្រាក់តម្លៃទិញផ្តាច់កុងត្រាចំនួន ៥០ លានអឺរ៉ូ។ ខ្សែបម្រើសញ្ជាតិហ្គាណាវ័យ ២៧ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៥ ប្រកួតនិងរកបាន ៣ គ្រាប់សម្រាប់ក្រុមរបស់លោក Diego Simeone ខណៈដែលពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ នៅក្របខណ្ឌ La Liga កាលពីរដូវកាលមុន និងធ្លាប់ចូលលេងសរុបបាន ១៨៨ ប្រកួតបន្ទាប់ពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១១ ។

ការមកដល់របស់គាត់នាំអោយខ្សែបម្រើសញ្ជាតិអ៊ុយរុយហ្គាយ Lucas Torreira វ័យ ២៤ ឆ្នាំបានផ្លាស់ទៅកាន់ At.Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។ Partey បានឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០១៧-១៨ និង Super Cup ឆ្នាំ ២០១៨ ជាមួយ Atletico ខណៈរូបគេបានចុះកិច្ចសន្យាថ្មីនៅ Wanda Metropolitano ក្នុងឆ្នាំ ២០១៨ រហូតដល់ចុងខែមិថុនាឆ្នាំ ២០២៣ ។ ខ្សែបម្រើមាឌមាំរូបនេះក៏ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិហ្គាណាបាន២៩ប្រកួតលើឆាកអន្តរជាតិផងដែរ។

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបញ្ចាក់ក្រោយកិច្ចព្រមព្រៀងដំណើរការថាៈ យើងតាមដានគាត់ មួយរយៈកន្លងមក ដូច្នេះក្រុមរីករាយ នឹង មានសមាជិក ដែលមានគុណភាពខ្ពស់បែបនេះ ក្នុងក្រុមរបស់យើង។ គាត់គឺជាខ្សែបំរើដ៏ស្វាហាប់ជាមួមានថាមពលអស្ចារ្យ។ Thomas និង នាំមកនូវបទពិសោធន៍ជាច្រើនពីក្លឹបកំពូលមួយដែលបានប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតនៅ La Liga និង Champions League អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រភព៖ BBC