ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang បានចុះកុងត្រាថ្មីលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្លឹបម្ចាស់ជើងឯក FA Cup ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំសញ្ជាតិហ្គាបុងរូបនេះបានចូលរួមជាមួយក្រុម Arsenal នៅខែមករាឆ្នាំ ២០១៨ពីក្លឹប Borussia Dortmund និងបានឈ្នះស្បែកជើងមាសក្នុងនាមកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅក្របខណ្ឌ Premier League ក្នុងរដូវកាលដំបូង(២០១៨-២០១៩) ។

Aubameyang បានបញ្ជាក់យ៉ាងច្បាស់ក្រោយចុះកិច្ចសន្យាថ្មីថាៈការចុះកុងត្រាជាមួយក្លិបគឺមិនមានការសង្ស័យឡើយ ។ ខ្ញុំជឿជាក់លើក្រុម Arsenal ។ យើងអាចសម្រេចបាននូវរឿងធំជាមួយគ្នា។ យើងមានអ្វីដែលគួរឱ្យរំភើបនៅទីនេះគឺការបន្តកិច្ចសន្យាថ្មីនេះ ។

ចាប់តាំងពីចូលរួមជាមួយក្រុម Arsenal ក្នុងតម្លៃកំណត់ត្រា ៥៦ លានផោន Aubameyang រកបាន ៧២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១១ ដង ។ ពោលនៅក្របខណ្ឌ Premier League ចំនួន ៨៦ លើកគាត់រកបាន ៥៥ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទិ ១២ គ្រាប់។ Aubameyang ក៏បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ ២០១៥ នៅទ្វីបអាហ្រ្វិក និងត្រូវបានតែងតាំងជាប្រធានក្រុមកាលពីខែវិច្ឆិកាបន្ទាប់ពីខ្សែបម្រើ Granit Xhaka ត្រូវបានដកហូតតំណែង។

ប្រភព៖ BBC