បរទេស៖ លោក Jose Mourinho គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham បាននិយាយថាកីឡាកររបស់គាត់មួយចំនួនបានឆ្លងមេរោគកូវីត-១៩ នៅរដូវក្តៅនេះ ដែលជាហេតុធ្វើអោយមានផលប៉ះពាល់ហើយជួបរឿងបរាជ័យសម្រាប់ការប្រកួតបើករដូវកាលថ្មីក្របខណ្ឌលីកកំពូលអង់គ្លេសជាមួយក្រុម Everton កាលពីថ្ងៃអាទិត្យម្សិលមិញ។
បើទោះបីជាមានឪកាសច្រើនក្នុងការរកគ្រាប់បាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែមិនមានសំណាង ផ្ទុយទៅវិញការតែតបាល់បញ្ចូលទីរបស់កីឡាករអន្តរជាតិអង់គ្លេស Dominic Calvert-Lewin បានរកគ្រាប់ជ័យជំនះនៅទឹកដី Goodision Park ក្នុងលទ្ធផល ១ទល់និង០ ។ អ្នកចាត់ការវ័យ៥៧ឆ្នាំរូបនេះបានរិះគន់កីឡាកររបស់ខ្លួនថាលេងដោយមានភាពខ្ជិលច្រអូសជាមួយនិង ភាព ខឹងសម្បារយ៉ាងខ្លាំង ដោយរិះគន់ដែលមិនបានរារំាងការលើកបាល់ ហ្វ្រីឃីករបស់ Lucas Digne ដែលនាំឱ្យកីឡាករ Lewin មានឪកាសតែតបញ្ចូលទីយកឈ្នះបាននៅនាទីទី៥៥តង់ទី២។
ទោះបីបរាជ័យប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានសារភាពថាខ្លួនសប្បាយចិត្ត និង លទ្ធផលនេះ តែទីបំផុតលោកក៏ Mourinho មិនបានប្រាប់ឈ្មោះកីឡាករដែលបានឆ្លងជំងឺនោះទេ គ្រាន់តែអតីតគ្រូបង្វឹក Chelsea និង Man.Utd បានបញ្ចាក់ថាការឆ្លងនោះ បានបង្អាក់ដំណើរការប្រកួតបើករដូវកាលថ្មីសប្តាហ៏ទី១នេះ៕