ខ្សែ​ប្រយុទ្ធ​ហុល្លង់​កីឡាករ Memphis Depay បាន​ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ ជាមួយ​ក្លឹប Barcelona នេះ​បើ​តាម​ការ​អះអាង​ពី​ខាង​ Sky Sports Italia។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ Barcelona បាន​ទាក់ទង​ Depay កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​ក៏​ជួប​ពិភាក្សា​ស៊ី​ជម្រៅ​ជាមួយ​សាមី​ខ្លួន​តែ​ម្ដង ប៉ុន្តែ​ការ​ចរចា​ជាមួយ​ក្លឹប​ Olympique Lyon មិន​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ទេ ហើយ​ការ​ពិភាក្សា​នៅ​តែ​មាន​បន្ត​។

Depay គិត​ត្រឹម​ឆ្នាំ២០២០​នេះ មាន​អាយុ ២៦ឆ្នាំ​ហើយ។ កីឡាករ​រូប​នេះ​បាន​លេង​នៅ Lyon តាំង​ពី​ឆ្នាំ២០១៧ មក​ ក្រោយ​ពេល​ដែល​លោក Jose Mourinho កាន់​កាប់​ Manchester United។ ក្នុង​អាជីព​ឈុត​ធំ​របស់​ខ្លួន ក្នុង​រយៈពេល​ជិត​ ១០ឆ្នាំ​នេះ ខ្សែ​ប្រយុទ្ធ​ហុល្លង់​រក​បាន ១១៤គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣១៦ដង នៅ​ក្លឹប​ ៣គឺ PSV ហុល្លង់ Manchester United និង​ Lyon បារាំង៕

ប្រភព៖​ Sabay News