​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​២​គ្រាប់​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ស៊ុយអែត ​នា​ពាន​រង្វាន់ UEFA Nations League ​។

​២​គ្រាប់​នៅ​យប់មិញ​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​រក​បាន​ដល់​ទៅ​១០១​គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ ​មួយ​វិញ​ទៀត ​Ronaldo ​ក៏​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​អាច​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​បាន​លើស​១០០​គ្រាប់​ផង​ដែរ។ ដោយ​តាំង​ពី​ដើម​មក​មិន​មាន​នរណា​អាច​ធ្វើ​បាន​នោះ​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​លើ​លោក​នេះ​ក៏​មាន​កីឡាករ​ម្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Ronaldo ​ដែរ គឺ​ខ្សែ​ប្រយុទ្ធ Ali Daei ​របស់​ជម្រើស​ជាតិ​អ៊ីរ៉ង់។ ​អតីត​កីឡាករ​រូប​នេះ ​រក​បាន​ដល់​ទៅ​១០៩​គ្រាប់​ឯ​ណោះ​នៅ​ជម្រើស​ជាតិ។ ​នៅ​សល់​៨​គ្រាប់​ទៀត ​ទើប​កីឡាករ​លេង​នៅ​ក្រុម Juventus ​តាម​ស្មើ​បាន។ អ្នក​គាំទ្រ​ជឿ​ជាក់​ថា​មិន​យូរ​ទេ Ronaldo ​នឹង​បំបែក​កំណត់ត្រា​នោះ​បាន​មិន​ខាន៕