ក្លឹបស្ករគ្រាប់ Everton បានឈានដល់ការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបអន្តរជាតិកូឡុំប៊ីកីឡាករ James Rodriguez ពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃនៃកិច្ចព្រមព្រៀងចំនួន ២០ លានផោន។​ កីឡាករវ័យ ២៩ ឆ្នាំ ទទួលបានកិច្ចព្រមព្រៀងលេងនៅទឹកដី Goodision Park រយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសអាចនិងបន្តកិច្ចសន្យាថ្មីមួយរដូវកាលទៀត ប្រសិនជារូបគេរក្សាទម្រង់លេងបានល្អនោះ។

James បានផ្ទេរមកកាន់ទឹកដី Santiago Bernabeu របស់ក្រុម Real Madrid ពី ក្លឹប Monaco ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីល ក្នុងនាមកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត ។ គួរបញ្ជាក់ថានេះជាលើកទី ៣ ហើយសម្រាប់ James ក្នុងនាមគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ធ្លាប់ទិញរូបគេមករួមក្រុម Real Madrid និង Bayern Munich ។

កីឡាករដែលបានចំណាយពេលខ្ចីជើង២រដូវកាលជាមួយ Bayern Munich មុនពេលវិលត្រលប់មកចូលរួមជាមួយម្ចាស់ជើងឯក La Liga កាលពីរដូវកាលមុននិងបង្ហាញខ្លួនបាន១៤ដងរូបនេះបានបញ្ជាក់ប្រាប់ថាៈ ខ្ញុំពិតជារីករាយណាស់ដែលបានផ្លាស់មកក្លឹបដ៏អស្ចារ្យនេះព្រោះ Everton ជាក្លឹបមួយដែលមានប្រវត្ដិសាស្ដ្រយូរអង្វែង ហើយបានរួមការងារ ជាមួយអ្នកចាត់ការទូទៅលោក Carlo Ancelloti ដែលស្គាល់ខ្ញុំច្បាស់។