បរទេស៖ លោក John Barnes វីរបុរសក្រុមហង្សក្រហម Liverpool បានសម្តែងការយល់ឃើញដោយក្តីបារម្ភថា​ខ្សែបម្រើ Jack Grealish នឹង​សាងកំហុសដ៏ធំមួយប្រសិនរូបគេសម្រេចចិត្តចាកចេញពីក្លឹប Aston Villa ទៅចូលរួមជាមួយក្រុមបិសាចក្រហម ​Man United នៅរដូវក្តៅនេះ។

ប្រធានក្រុម Aston Villa រូបនេះបានដើរតួនាទីយ៉ាងសំខាន់កាលពីរដូវកាលចាស់ និង​បានជួយ ក្រុម គ្រូ​បង្វឹក​លោក Dean Smith អោយបន្តជីវិតលេងនៅក្របខណ្ឌ Premier League បានមួយ​រដូវ​កាល​ទៀតក្រោយ​រកបានគ្រាប់បាល់ដ៏សំខាន់ប្រឆាំងក្រុម West Ham នៅថ្ងៃចុងក្រោយនៃការ​ប្រកួត​បញ្ចប់​រដូ​វ​កាល២០១៩-២០២០។

Grealish បានក្លាយជាគោលដៅអាទិភាពសម្រាប់គ្រូបង្វឹកលោក Ole Gunnar Solskjaer ដែលតែងកោត​សរសើរទម្រង់លេងនិងទេពកោសល្យរបស់កីឡាករវ័យ។ ប៉ុន្តែអ្វី​ដែល​ជាបញ្ហាសំខាន់នោះគឺ បិសាច​​ក្រហមហាក់ស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ច្រើនជាង​៥៥លាន​ផោន ក្រោយទើបតែទិញ Van de Beek ពី Ajax និង បន្តប៉ុនប៉ងនាំយក Jadon Sancho ម្នាក់ទៀតពី Dortmund។