​ខ្សែ​បម្រើ Ivan Rakitic ​បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ដើម​របស់​គេ Sevilla ​វិញ​ហើយ ​ក្នុង​កុងត្រា​២​ឆ្នាំ ​ក្រោយ​ពី​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​រដូវ​កាល​ថ្មី​ខាង​មុខ​។

​លោក Ronald Koeman ​ក្រោយ​ពី​ទទួល​បាន​តំណែង​អ្នក​ចាត់ការ​ក្រុម Barcelona ​មក ​មាន​កីឡាករ​៥​ទៅ​៦​នាក់​ស្ថិត​ក្នុង​បញ្ជី​ដែល​លោក​ចង់​លក់​ចេញ ឬ​មិន​ត្រូវ​ប្រើប្រាស់​ទេ​។ ​ដូច្នេះ​ហើយ ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុល្លង់​បាន​ទូរសព្ទ​ទៅ​ប្រាប់​សាមី​ខ្លួន​ផ្ទាល់​តែ​ម្ដង ​ឱ្យ​រក​ក្លឹប​លេង​ទៅ។ ក្នុង​នោះ​មាន Rakitic , Suarez ​និង Vidal ​ជា​ដើម។

ដោយ​ឡែក​នៅ​ពេល​នេះ Rakitic ​បាន​រក​ឃើញ​ក្លឹប​ថ្មី​ហើយ គឺ Sevilla ​ដែល​ក្រុម​ដើម​របស់​គេ។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Sevilla ​យក​ខ្សែ​បម្រើ​ក្រូអាត​នេះ​ទៅ ​ក្នុង​កុងត្រា​២​ឆ្នាំ ​ហើយ​ក៏​បន្ថយ​តម្លៃ​ពលកម្ម​របស់​គេ​ចំនួន​៤​លាន​ផោន​ក្នុង​១​ឆ្នាំ​ផង​ដែរ៕