សាជាថ្មីម្តងទៀតក្រុមកាំភ្លើងធំ Arsenal បានធ្វើការព្យាយាម បញ្ចុះបញ្ចូល កីឡាករ Ivan Rakitic មករួមក្រុមរបស់ពួកគេនៅរដូវកាលថ្មីខាងមុខនេះ យោងតាមគេហទំព័រ le10sport បានចុះផ្សាយ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Mikel Arteta គឺជាអ្នកគាំទ្រ និងពេញចិត្តទម្រង់លេងរបស់ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះហើយជឿជាក់ថា Rakitic នឹងក្លាយជាសមាជិកដ៏ សំខាន់ម្នាក់នៅទឹកដី Emirate Stadium នារដូវកាលក្រោយ ស្របពេល Arsenal បញ្ចប់រដូវកាលឈរនៅលេខរៀងទី ៨ និងទើបតែឈ្នះពាន FA Cup ជាលើកទី១៤កាលពីសប្តាហ៏មុន។

ទោះយ៉ាងណាប្រភពដដែលបន្តថា Rakitic បានឆ្លើយតបថាខ្លួនមិនចង់ផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League ទេប្រសិនជារូបគេចាកចេញពី ទឹកដី Camp Nou ហើយគោលដៅអាចជាលីគកំពូលអ៊ីតាលី Serie A ឬក្លឹបអេស្ប៉ាញផ្សេងទៀត។ Rakitic សមាជិកក្រុមក្រឡាអុកក្រូអាតដែលបានជួយជម្រើសជាតិក្លាយជាម្ចាស់ជើងឯករង World Cup ២០១៨ វ័យ ៣២ ឆ្នាំរូបនេះនៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយក្រុមអ្នកមានបុណ្យ ហើយរូបគេទំនងជាជ្រើសរើសការវិលត្រលប់ទៅកាន់អតីតក្លឹប Sevilla វិញក្នុងកិច្ចព្រមព្រៀងតម្លៃ ១០ លានអឺរ៉ូ។

ប្រភព៖ Sport.Es