Bayer Leverkusen កំពុងទន្ទឺងរងចាំយ៉ាងអន្ទះសារដើម្បីជម្រុញដល់កិច្ចព្រមព្រៀងនូវទឹកប្រាក់ ៩០ លានផោន ពីការលក់ខ្សែប្រយុទ្ធឆ្នើម Kai Havertz ទៅឲ្យក្រុម តោខៀវ Chelsea ក្នុងពេលឆាប់ៗនេះ។ដូច្នេះក្លឹបបានកំណត់គោលដៅរួចជាស្រេចដើម្បីចរចារចុះហត្ថលេខានាំយកកីឡាករដល់ទៅពីររូបគឺ Patrik Schick របស់ក្លិប Roma និង ខ្សែបម្រើ Jerimie Boga របស់ក្លឹប Sassuolo មករួមក្រុមដល់ទៅ២រូបឯណោះ។

គួរបញ្ជាក់ថា Chelsea កំពុងខិតជិតដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករវ័យ ២១ ឆ្នាំសញ្ជាតិអាឡឺម៉ង់ Havertz ពីក្រុម Leverkusen ក្នុងការចរចារដំណាក់កាលចុងក្រោយបំផុតគឺប្រមាណ ៧២ លានផោន និងបំពេញបន្ថែម ចុងក្រោយចំនួន ១៨ លានផោន ទៀតក្រោយការផ្ទេរជាផ្លូវការណ៏។

ក្រោយ Havertz ចាកចេញក្លឹបចង់បានខ្សែប្រយុទ្ធអន្តរជាតិឆេក កីឡាករ Schick និងដើរតួនាទីជំនួសរូបគេ ក្នុងនាមខ្សែប្រយុទ្ធជួរមុខ ខណៈ Roma បានស្នើសុំប្រាក់តម្លៃខ្លួន ២៦ លានផោន តែ Leverkusen បានព្រមព្រៀងផ្តល់ជូនត្រឹម ២២ លានផោន ប៉ុណ្ណោះ សម្រាប់ខ្សែប្រយុទ្ធ ដែលត្រូវបានក្លិប RB Leipzig ខ្ចីជើងកាលពីរដូវកាលមុនរូបនេះ។ Leverkusen ក៏បានបើកកិច្ចពិភាក្សាដើម្បីនាំយកកីឡាករឆ្នើម Boga កីឡាករកូនកាត់បារាំង-កូឌីវ័រពីក្លឹប Sassuolo នៅលីគកំពូលអ៊ីតាលីផងដែរបន្ទាប់ពីរូបគេបង្ហាញទម្រង់លេង ដ៏គួរអោយចាប់អារម្មណ៍នៅរដូវកាលចាស់ ។ ទោះយ៉ាងណា Boga វ័យ ២៣ ឆ្នាំរូបនេះក៏ត្រូវបានក្លឹបកំពូល ៗ អ៊ីតាលីចាប់ចិត្តចង់បានផងដែរមានដូចជា Napoli Atalanta និង Roma ដែលកំពុងតាមដានរូបគេយ៉ាងយកចិត្ត ទុកដាក់បំផុត ។

ប្រភព៖ Goal