សមាជិកថ្មីគឺកីឡាករ Kai Havertz បានបង្ហាញពីមហិច្ឆតាជួយក្រុមតោខៀវ Chelsea ឈ្នះពានរង្វាន់ធំៗ និង អ្វីដែលសំខាន់បំផុតនោះគឺកីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញពីចំនុចសំខាន់បំផុតដែលធ្វើអោយខ្លួនសម្រេចចិត្តផ្លាស់មកចូលរួមជាមួយនិងអ្នកចាត់ការទូទៅលោក Frank Lampard កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការមុនរដូវកាលថ្មីចាប់ផ្តើម។

កីឡាករដែលមានអនាគតវែងឆ្ងាយរូបនេះបានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹប ថាៈការពិតគាត់ Lampard បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ខ្ញុំព្រោះខ្ញុំស្រឡាញ់គាត់ក្នុងនាមជាកីឡាករម្នាក់ហើយធ្លាប់មើលគាត់ប្រកួតក្នុងនាមកីឡាករជាញឹកញាប់ ។ ខ្ញុំសង្ឃឹមថាអាចរៀនសូត្រពី Frank ក្នុងនាមគ្រូបង្វឹក។ហើយពេលនេះខ្ញុំកំពុងរងចំាហ្វឹកហាត់ និង ទទួលការបណ្តុះបណ្តាលនេះយ៉ាង អន្ទៈសារ។

ក្រុមមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏របស់ចក្រភពអង់គ្លេស បានប្រកាស និង បង្ហាញខ្លួនជា ផ្លូវការណ៏ក្រោយការមកដល់របស់ ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់នៅ ល្ងាចថ្ងៃសុក្រនេះបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Leverkusen ក្នុងតម្លៃ៧០ លានផោនជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ Havertz បានក្លាយជាសមាជិកថ្មីទី ៧ សម្រាប់ក្រុមលោក Lampard បន្ទាប់ពីលោក Hakim Ziyech, Timo Werner, Ben Chilwell, Thiago Silva និង Malang Sarr ព្រមទាំង Xavier Mbuyamba ។

ប្រភព៖ Metro