ក្លឹប Barcelona បានតែងតាំងលោក Ramon Plans ជានាយកបច្ចេកទេសថ្មីរបស់ក្លឹប ដើម្បីជំនួសតំណែងលោក Eric Abidal ដែលត្រូវបានក្លឹបបញ្ចប់តំណែងកាលពីថ្ងៃអង្គារ ។ការប្រកាសជាផ្លូវការណ៏នេះធ្វើឡើងឡើងភ្លាមៗមុនពេល Barcelona បានបញ្ជាក់អំពីការតែងតាំងអតីតខ្សែការពារប្រវត្តិសាស្រ្តលោក Ronald Koeman ជាគ្រូបង្វឹកថ្មីរបស់ក្លិបក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធដឹកនាំក្រុមឡើងវិញ ក្រោយបរាជ័យដ៏ជូរចត់ធ្លាក់ចេញពីក្របខណ្ឌ Champions League ក្រោមថ្វីជើង Bayern Munich វគ្គ៨ក្រុមចុងកាលពីសប្តាហ៏មុន ។
លោក Plans បានផ្ទេរពីក្លឹប Getafe នៅឆ្នាំ ២០១៨មកកាន់ទឹកដី Camp Nou ដើម្បីរួមការងារជាមួយលោក Eric Abidal ក្នុងនាមជំនួយការ។ បុរសវ័យ ៥២ ឆ្នាំរូបនេះធ្លាប់ទទួលខុសត្រូវការងារខាងលើជាមួយក្លឹបអេស្ប៉ាញជាច្រើន រួមមាន Espanyol, Racing Santander, Alaves, Lleida, Elche និង Rayo Vallecano ជាដើម។គាត់ក៏ធ្លាប់មានវត្តមានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ជាមួយអតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino ក្នុងរដូវកាល ២០១៤-២០១៥ ។
ប្រភព៖ Goal