បរទេស៖ លោក Ole Gunnar Solskjaer ពិត​ជាចង់​​ឲ្យ​ក្រុម Manchester United បញ្ចប់​រដូវ​កាល​ដែល​រងគ្រោះ​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា តាមរយៈ​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Europa League ដោយ​លោក​​ចាត់​ទុក​ថា ជា​ពេល​វេលា​ដ៏​មានមោទ​នភាព​បំផុតក្នុង​ជីវិត​របស់​លោក​។

Man Utd បាន​ធ្វើ​ដំណើរ​ទៅកាន់​​ទឹក​ដីអាល្លឺ​ម៉ង់ កាលពីថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​​រាត្រី​នេះ ជាមួយ​នឹងក្រុម​របស់​ដាណឺម៉ាក FC Copenhagen ខណៈ​ដែល​លោក Solskjaer សង្ឃឹម​ថា អាច​ឈ្នះ​ពាន​នៅ​ថ្ងៃ​ទី​២១ ខែសីហា ខាងមុខ​។ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដ៏​ស្វិត​ស្វាញ ក៏​អាច​កើត​ឡើង​ផង​ដែរ ដោយ​ពួកគេ​អាច​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Sevilla​។ ក្រោយពី​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រក្នុង​យុទ្ធនាការ​២​​រួចជាស្រេច​នៅ​រដូវកាល​នេះ មុន​នឹង​ចាញ់​ក្រុម Manchester City ក្នុង League Cup និង Chelsea ក្នុង FA Cup គ្រូបង្វឹកស​ញ្ជាតិ​ន័រ​វែស​រូបនេះ ចង់​ឲ្យ​ក្រុម​ខ្លួន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ លោក Solskjaer បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គឺ​ជា​មនុស្ស​មានហិច្ឆតា ហើយ​សុបិន​មួយ​ក្នុង​ចំណោម​សុបិន​របស់​ខ្ញុំ គឺ​ការ​លើកពាននេះ ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​នេះ​។

ការឈ្នះ​ពាន​នឹង​​ក្លាយ​ជា​វេលា​ដ៏​មា​ន​មោទ​នភាព​បំផុតក្នុង​ជីវិត​របស់​ខ្ញុំ​»​។ គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ៦​លើក ពាន FA Cup ២លើក និង​ពាន​ក្រប​​ខ័ណ្ឌ ChampionsLeague ១លើក ក្នុង​នាម​ជា​កីឡាករ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​​ក្នុង​ពេលក្រុម​ខ្លួន​ឈ្នះពាន​៣​ក្នុង​រដូវ​កាល​តែមួយ​៕

ប្រភពព័ត៌​មាន៖ Channel News Asia