សុបិន្តអាក្រក់របស់ខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez ជាមួយក្រុមបិសាចក្រហម Manchester United ត្រូវបានបញ្ចប់ជាផ្លូវការហើយ។កិច្ចព្រមព្រៀងក្នុងការផ្លាស់ប្តូរជាអចិន្រ្តៃយ៍សម្រាប់កីឡាករសញ្ជាតិឈីលីរូបនេះទៅកាន់ទឹកដី San Siro របស់ក្រុម Inter Milan ត្រូវបានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Barcelona បានចុះកុងត្រារយៈពេល ៣ ឆ្នាំនៅឯទឹកដី San Siro បន្ទាប់ពីរូបគេចំណាយពេលលេងក្នុង លក្ខណ្ឌខ្ចីជើងពេលមួយរដូវកាលជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Milan របស់អ៊ីតាលីមួយនេះ ។

ក្រោយផ្ទេរពី Arsenal មកកាន់ទឹកដី Old Trafford ក្នុងឆ្នាំ២០១៨ Sanchez រកបានគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៥ ដងប៉ុណ្ណោះមុនពេលត្រូវ Inter Milan ខ្ចីជើងនៅឆ្នាំ២០១៩។គួរំលឹកផងដែរថា ការមកដល់របស់ Sanchez ក៏ធ្វើអោយមានផលប៉ះពាល់ផ្នែកអារម្មណ៏របស់មិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Anthony Martial មានការខឹងសម្បារយ៉ាងខ្លាំងពេលដែលតួនាទីរបស់ខ្លួនត្រូវបានជំនួសដោយកីឡាករវ័យ៣១ឆ្នាំរូបនេះជំនាន់លោក Jose Mourinho នៅដឹកនាំ។

ព្រមជាមួយគ្នានេះផងដែរសម្រាប់ប្រាក់បៀវត្សក្នុងនាមកីឡាករថ្លៃបំផុតរបស់ក្លឹបគឺប្រមាណ ៥៦០,០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់ ក៏ត្រូវបានរងការិះគន់យ៉ាងខ្លាំង ស្របពេលដែលរូបគេមិនបានបង្ហាញទម្រង់លេងតាមការចង់បានរបស់ប្រិយមិត្តគាំទ្រ នាពេលនោះ។

ប្រភព៖ Goal