កីឡាករ Callum Hudson-Odoi របស់ក្រុមតោខៀវ Chelsea បានសាទរចំពោះការសម្រេចចិត្តពីសំណាក់ សមត្ថកិច្ចអង់គ្លេសដើម្បីបញ្ចប់ការស៊ើបអង្កេតចំពោះការចោទប្រកាន់លើករណីរំលោភសេពសន្ធវៈនាពេលកន្លងមករបស់ខ្លួន។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានឃាត់ខ្លួនយកមកសាកសួរកាលពីព្រឹកព្រលឹមថ្ងៃទី ១៧ ខែឧសភា២០២០កន្លងទៅ បន្ទាប់ពីប៉ូលីសនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសទទួលបានការខលហៅទៅអន្តរាគមន៏ តាមតេលេហ្វូនពីសំណាក់នារីតារាម៉ូដែលមិនស្គាល់អត្តសញ្ញាណម្នាក់ក្រោយពីមានរឿងឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកជាមួយរូបគេ។ ក៏ប៉ុន្តែបន្ទាប់មកខ្សែបម្រើ-ប្រយុទ្ធស្លាប រូបនេះត្រូវបានប៉ូលីសដោះលែងអោយនៅក្រៅឃុំរហូតដល់ពាក់កណ្តាលខែមិថុនានេះ។

ខណៈដែលក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមបន្តការប្រកួតសាជាថ្មីចាប់ពីថ្ងៃទី ១៧ ខែមិថុនា កីឡាករវ័យ១៩ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកីឡាករដែលត្រូវវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Frank Lampard មុនពេលក្លឹបត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Aston Villa នៅថ្ងៃទី ២១ ខែមិថុនាចុងសប្តាហ៏ក្រោយនេះ ។

ប្រភព៖ Goal