អ្នកចាត់ការទូទៅនានា នឹងអាចផ្លាស់ប្តូរកីឡាករបម្រូងរហូតដល់៥នាក់ សម្រាប់ការប្រកួតដែលនៅសល់ក្នុងក្របខ័ណ្ឌ Premier League ឆ្នាំ២០១៩-២០២០ នៅរដូវកាលនេះ ក្រោយពីក្លិបទាំងអស់ បានយល់ព្រមជាឯកច្ឆន្ទ ដើម្បីផ្លាស់ប្តូរច្បាស់នេះ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានស្នើឲ្យប្រើប្រាស់ដំណោះស្រាយនេះ កាលពីខែមុន ដើម្បីការពារសុខុមាលភាពរបស់កីឡាករ ដោយសារតែកម្មវិធីប្រកួតជាច្រើន នឹងត្រូវប្រព្រឹត្តទៅត្រឹមតែរយៈពេល២ ទៅ៣សប្តាហ៍ ដើម្បីបញ្ចប់ការប្រកួតដែល់នៅសល់ជាច្រើន ដោយសារតែការផ្អាកការប្រកួតរយៈពេល៣ខែ ជុំវិញវីរុសកូរ៉ូណា។
ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ក៏យល់ព្រមបង្កើនចំនួនកីឡាករបម្រុងដើម្បីទុកជ្រើសរើសឲ្យលេង ពោលគឺកើនពី៧នាក់ ទៅ៩នាក់ សម្រាប់ការប្រកួតដែលនៅសល់នៅរដូវកាលនេះ ផងដែរ។ ក្របខ័ណ្ឌ Premier League បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ចំនួនកីឡាករបម្រុងដែលអាចត្រូវប្រើប្រាស់អំឡុងការប្រកួតនឹងកើនឡើង ពី៣ ទៅ៥នាក់»។
ក្របខ័ណ្ឌដដែលបានបន្ថែមទៀតថា៖ «ភាគីពាក់ព័ន្ធទាំងអស់ ក៏យល់ព្រមឲ្យក្លិបបង្កើនចំនួនជាអតិបរមារបស់កីឡាករបម្រុងផងដែរ ពោលគឺកើនពី៧នាក់ ទៅ៩នាក់ សម្រាប់ការប្រកួតដែលនៅសល់នៅរដូវកាលឆ្នាំ២០១៩-២០២០»៕
ប្រភពព័ត៌មាន៖ Channel News Asia