ក្រុម RB Leipzig បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Bundesliga ក្រោយពីបានយកឈ្នះលើក្រុម Cologne ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃច័ន្ទ។
កីឡាករ Jhon Cordoba បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែ ក្រុម Leipzig បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងចន្លោះពេល៣៧នាទី ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ទី៣១របស់ខ្សែប្រយុទ្ធ Timo Werner ក្នុងរាល់យុទ្ធនាការទាំងអស់ផងដែរ ដើម្បីឡើងទៅឈរពីលើក្រុម Borussia Moenchengladbach និង Bayer Leverkusen វិញក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League។
លោក Oliver Mintzlaff ប្រធានក្លិប Leipzig បានប្រាប់ទូរទស្សន៍ DAZN ថា៖ «យើងចង់បាន៣ពិន្ទុ ហើយយើងសម្រេចគោលដៅរបស់យើង។ ប៉ុន្តែ វាផ្តល់ការរំខានបន្តិចដោយសារតែយើងរបូតគ្រាប់បាល់មុន និងបានខ្ជះខ្ជាយឱកាសជាច្រើន»។ លោកបានបន្ថែមទៀតថា៖ «យើងស្ថិតលើផ្លូវក្នុងការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League វិញ ដែលជាគោលបំណងរបស់យើង ប៉ុន្តែ សម្ពាធពិតជាធំ។ គ្រប់គ្នាត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព និងផ្តោតលើការប្រកួតទាំងស្រុង»។
លោក Markus Gisdol គ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះ បានផ្លាស់ប្តូរកីឡាករ៤នាក់ ពីក្រុមដែលបានចាញ់ក្រោមស្នាដៃក្រុម Hoffenheim កាលពីថ្ងៃពុធ ដោយដាក់កីឡាករ Rafael Czichos ជំនួសកន្លែងរបស់ Sebastian Bournaauw ដែលទើបតែបានរងពិន័យកាតក្រហម៕
ប្រភពព័ត៌មាន៖ Channel News Asia