អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea បច្ចុប្បន្នកំពុងដឹកនាំក្រុម Inter Milan នៅក្របខណ្ឌ SerieA លោក Antonio Conte បានពណ៌នាពីអតីតកូនក្រុមម្នាក់ គឺខ្សែបម្រើកណ្តាល N’Golo Kante ដោយចាត់ទុកកីឡាករឆ្នើមរូបនេះជាធនធានកីឡាករដ៏មានទេពកោសល្យម្នាក់បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានបង្វឹករូបគេពេលកន្លងមកនាឯកីឡាដ្ឋាន Stamford Bridge។

សមាជិកជ័យលាភី World Cup ២០១៨ របស់ក្រុមមាន់គកបារាំង Kante ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដំបូងរបស់លោក Conte បន្ទាប់ពីត្រូវបានក្លឹបចំណាយប្រាក់៣២ លានផោន (៣៩ លានដុល្លារ) ចុះហត្ថលេខានាំយករូបគេពីកីឡាដ្ឋាន King Power របស់ក្រុម Leicester City ក្រោយបានជួយក្លឹប លើកពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ ២០១៦ ។

Kante បង្ហាញខ្លួនចំនួន ១៦៤ ដងនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់សម្រាប់ Chelsea ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់និងឈ្នះពាន Premier League ជាលើកទី ២ជាមួយក្លឹប២ផ្សេងគ្នា ព្រមទាំងពានរង្វាន់ FA Cup និង Europa League ផងដែរ ។

ប្រភព៖ Goal