Dimitar Berbatov បានប្រាប់ពីមូលហេតុច្រានចោលឱកាសផ្ទេរទៅក្លឹប Man City តែបែរជាជ្រើសរើសការផ្ទេរទៅកាន់ក្លឹបគូប្រជែងរបស់ពួកគេគឺបិសាចក្រហម Man Utd ជំនួសវិញ។ខ្សែប្រយុទ្ធសញ្ជាតិប៊ុលហ្គារីរូបនេះបានផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣០ លានផោនក្នុងឆ្នាំ ២០០៨ ក្រោយបង្ហាញទម្រង់លេងលេចធ្លោនៅក្រុមមាន់ខ្នាយមាស Tottenham ។

កំលុងពេលនោះក្លឹបមេឃខៀវ Man.City ទើបតែទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីម្ចាស់ក្លឹបគឺមហាសេដ្ឋីសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត Sheikh Mansour ។ Berbatov បច្ចុប្បន្នមានវ័យ៣៩ឆ្នាំបានប្រាប់ MUTV ថាៈ នៅក្នុងគំនិតរបស់ខ្ញុំមិនដែលគិតចង់ផ្លាស់ទៅ Man.City ទោះបីភ្នាក់ងារបានប្រាប់ពីការចាប់អារម្មណ៏របស់ពួកគេមកលើខ្ញុំ ។ ហើយនៅពេលនោះសម្រាប់ខ្ញុំផ្តោតអារម្មណ៏លើក្លឹបដែលកំពុងឈានដល់ចំនុចកំពូលនោះ គឺជា Man United ។

Berbatov បានឈ្នះពានក្របខណ្ឌ Premier League ២ ដងពេលនៅជាមួយ Man.Utd កំលុងឆ្នាំ២០០៨-២០១២ ហើយបានឈ្នះស្បែកជើងមាសព្រមគ្នាជាមួយ Carlos Tevez របស់ក្លឹប Man City នៅរដូវកាល ២០១០-២០១១ ផងដែរ។

ប្រភព៖ Mirror