ក្រុម Manchester City បានទទួលជ័យជម្នះក្នុងការប្រកួតពានក្នុងស្រុកចំនួន២០លើកជាប់ៗគ្នា ដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពាន FA Cup ក្រោយពីបានកត់ត្រាជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Sheffield Wednesday ស្របពេលដែលក្រុម Tottenham បានធ្លាក់ចេញដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្រោមស្នាដៃក្រុម Norwich កាលពីថ្ងៃអង្គារ៍។
Sergio Aguero បានរកគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់ក្នុងការប្រកួតនោះសម្រាប់ក្រុមខ្លួន ក្រោយពីចូលលេងបាន៨នាទី ក្នុងតង់ទី២ ខណៈដែលអ្នកចាំទី Joe Wildsmith របស់ក្រុម Sheffield Wednesday មិនអាចសង្គ្រោះបាល់ពីការស៊ុតដោយកម្លាំងជើងយ៉ាងខ្លាំងរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានឡើយ។
ជ័យជម្នះនេះ មានន័យថា ក្រុម Man City នឹងធ្វើដំណើរទៅជួបក្រុម Newcastle ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ស្របពេលជាមួយគ្នានេះ ក្រុម Norwich នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Derby ឬ Manchester United ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩២ ក្រោយពីបានទម្លាក់ក្រុម Spurs ដោយការស៊ុតបាល់ប៉ណាល់ទី ក្នុងរាត្រីដ៏ខកចិត្តមួយផ្សេងទៀតសម្រាប់ក្រុមរបស់លោក Jose Mourinho។
ក្រុម Leicester ក៏បានកក់កៅអីរបស់ខ្លួនក្នុងវគ្គ៨ក្រុមចុងក្រោយផងដែរ ក្រោយពីបានយកឈ្នះលើក្រុម Birmingham ក្នុងលទ្ធផល ១-០ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Ricardo Pereira៕
ប្រភពព័ត៌មាន៖ Channel News Asia