ខ្សែបម្រើ Ousmane Dembele របស់ក្លិប Barcelona នឹងត្រូវអវត្តមានរយៈពេល៦ខែ បន្ទាប់ពីវះកាត់ទៅលើបញ្ហារបួសសរសៃពួរគន្លាក់ជើងរបស់គេ។ ខ្សែបម្រើស្លាបអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះ ទើបតែបានវិលទៅរកភាពរឹងមាំវិញ ក្រោយពីបានរងរបួសមួយផ្សេងទៀត ដែលនៅពេលនោះរូបគេបានអវត្តមានក្នុងការហ្វឹកហាត់ កាលពីសប្តាហ៍មុន។
Dembele បានរងរបួសជាច្រើន លើជើងទាំង២របស់គេ ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Barcelona ពីក្លិប Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនរហូតដល់១៤៧លានអឺរ៉ូ (ស្មើនឹង១៦០,៥លានដុល្លារអាមេរិក)។
Dembele បានបង្ហាញខ្លួនត្រឹមតែ៩លើកគត់នៅរដូវកាលនេះ។ ការអវត្តមានរបស់ Dembele ក៏មានន័យផងដែរថា រូបគេនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ សម្រាប់ក្រុម Barca ដែលនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធម្នាក់ទៀត ក្រោយពីខ្សែប្រយុទ្ធ Luis Suarez បានរងរបួសជង្គង់ កាលពីខែមុន ហើយត្រូវអវត្តមានរយៈពេលយូរ។
Barcelona ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «កីឡាករក្រុមឈុតទី១ Ousmane Dembele បានទទួលការវះកាត់យ៉ាងជោគជ័យ ទៅលើបញ្ហាសរសៃពួរគន្លាក់ជើង ភ្លៅខាងស្តាំរបស់គេ។ តារាឆ្នើមអន្តរជាតិបារាំងរូបនេះ នឹងត្រូវអវត្តមានរយៈពេល៦ខែ»៕
ប្រភពព័ត៌មាន៖ BBC